ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដ៏គួរឲ្យខ្លាច ព្រោះវាកើតឡើងត្រឹមមួយរំពេច អាចបណ្តាលឲ្យប៉ះពាល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមជាទម្លាប់មិនល្អទាំង ៤ ដែលអ្នកត្រូវជៀសវាងរៀងរាល់ព្រឹក ជាពិសេសនៅរដូវរងា កំឡុងចុងខែវិច្ឆិកានេះតទៅ ព្រោះវាប្រឈមហានិភ័យខ្ពស់ អាចឲ្យអ្នកដាច់សរសៃឈាមខួរក្បាល៖
៤) កុំស្ទុះភ្លាមៗ ពេលក្រោកពីគេង
ក្នុងរដូវរងា ខែត្រជាក់ ពេលអ្នកក្រោកពីដំណេក គួរតែសម្ងំមួយភ្លែតសិន រួចដកខ្លួនចេញពីភួយម្តងបន្តិច កុំស្ទុះមកភ្លែតៗ ព្រោះពេលវេលានេះ បើស្បែកកំពុងតែងំភាពកក់ក្តៅ ហើយស្ទុះមកប៉ះភាពត្រជាក់ភ្លាមៗ នោះស្បែកនឹងរួញលឿន នាំឲ្យសរសៃឈាមក្នុងខ្លួនក៏ប្រែប្រួល មិនអាចសម្របបានភ្លាមៗ នាំឲ្យវិលមុខមួយរំពេច សម្ពាធឈាមទាប ញ័រទ្រូង ប្រឈមទាំងដាច់សរសៃឈាម និងគាំងបេះដូង។
៣) ហាត់ប្រាណខ្លាំងនៅពេលព្រឹកព្រលឹម
គួរត្រឹមធ្វើលំហាត់ប្រាណស្រាលៗ ជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងទាំងព្រឹកព្រលឹម ដូចជារត់ ហែលទឹក ឬលើករបស់ធ្ងន់ៗ ដែលនាំឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង អាចបណ្តាលឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលមួយរំពេច។ នៅពេលវេលានេះ ជាពិសេសមនុស្សចាស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
២) កុំផឹកទឹកច្រើនពេក
ការផឹកទឹកនៅពេលព្រឹកគឺល្អណាស់ ប៉ុន្តែអ្នកមិនគួរសម្រុកទទួលទានទឹកច្រើនពេកទេ ក្រោយក្រោកពីគេងភ្លាមៗ នៅរដូវរងា។
ព្រោះបើអ្នកផឹកទឹកច្រើន ក្នុងរយៈពេលខ្លី វានឹងបង្កើនបន្ទុកទៅលើបេះដូង។ អ្នកអាចប្រឈមបញ្ហា ដូចជាដង្ហើមខ្លី ញ័របេះដូង។ មិនថាតែទឹកត្រជាក់ ឬទឹកក្តៅ យកល្អគួរតែទទួលទានប្រហែល ២០០ ទៅ ៣០០ ម.ល (ប្រហែលកន្លះដបទឹក ឬមួយកូនកែវតូច) គឺល្អបំផុត។ រួចរង់ចាំដល់ស្រេកទឹក សឹមទទួលទានទៀត។
១) ងូតទឹកយូរពេកនៅពេលព្រឹក
មនុស្សជាច្រើនមានទម្លាប់ងូតទឹកនៅពេលព្រឹក ហើយចូលចិត្តងូតទឹកក្តៅក្នុងរដូវរងា ប៉ុន្តែវាក៏មានការប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ នោះគឺប្រសិនណាជាអ្នកងូតទឹកយូរពេក ដែលធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនចុះទាបខ្លាំងពេក ងាយបង្កជាជំងឺផ្តាសាយ ប៉ះពាល់ដល់សរសៃឈាម សម្ពាធឈាម ឬអាចដួលសន្លប់ភ្លាមៗកំឡុងពេលងូតទឹក។
លើសពីនេះការងូតទឹកក្តៅក្នុងរយៈពេលយូរ ក៏អាចដាក់សម្ពាធទៅលើបេះដូងផងដែរ ព្រោះសរសៃឈាមទាំងអស់ក្នុងត្រូវស្បែក ត្រូវបានរីក បណ្តាលឲ្យខ្វះអុកស៊ីហ្សែនផ្គត់ផ្គង់ទៅបេះដូង។ ដូច្នេះយកល្អអ្នកគួរងូតទឹកត្រឹមចន្លោះ ១០ ទៅ ១៥ នាទីបានហើយ ខណៈសីតុណ្ហភាពទឹកគួរចន្លោះពី ២៤ ទៅ ២៩ ដឺក្រេ ក៏កុំចាំបាច់ក្តៅពេកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក