ផ្លែឈើទាំង ៥ ខាងក្រោមនេះ វាមានកម្រិតជាតិស្ករទាប ដ្បិតបើឱជារសរបស់វាផ្អែមមែនពិត តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកនោះទេ។ មិនថាតែអ្នកកើតជំងឺទឹកនោមផ្អែម ក៏អាចទទួលទានបាន ហើយថែមទាំងអាចដុតខ្លាញ់ក្នុងរាងកាយ សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៖
៥) ក្រូចថ្លុង
ជាផ្លែឈើសម្បូរដោយវីតាមីន C និង A ហើយវាមានកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់។ យោងតាមអ្នកជំនាញ ក្រូចថ្លុងល្អខ្លាំងណាស់ សម្រាប់អ្នកដែលមានជាតិខ្លាញ់ក្នុងឈាម លើសឈាម ស្ទះសរសៃឈាមនិងទឹកនោមផ្អែម។
សារធាតុប្រឆាំងអុកស៊ីតកម្មឲ្យឈ្មោះ Naringenin ដែលមានក្នុងនោះ អាចជួយថ្លើមដុតបំផ្លាញជាតិខ្លាញ់លើសយ៉ាងល្អ ហើយក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អប្រសើរ។ អ្នកជំនាញណែនាំឲ្យគួរទទួលទានផ្លែក្រូចថ្លុង ពីកន្លះផ្លែទៅ ១ ផ្លែ/ថ្ងៃ ជាទម្លាប់ល្អ។
៤) ផ្លែបឺរ
មានកាបូអ៊ីដ្រាតទាប ដូច្នេះវាមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមនោះទេ ហើយលើសពីនេះវាមានជាតិសរសៃខ្ពស់ និងខ្លាញ់ល្អ។ នៅពេលទទួលទានផ្លែបឺរ វាក៏ជួយកាត់បន្ថយសម្ពាធឈាម បន្ថយកូលេស្តេរ៉ុល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។
អ្នកគួរតែទទួលទានផ្លែបឺរប្រហែល ៣០ ទៅ ៦០ នាទី បន្ទាប់ពីទទួលទានអាហារ ដើម្បីជៀសវាងការប្រមូលផ្តុំជាតិខ្លាញ់។ យកល្អគួរទទួលទានវា ជំនួសអាហារពេលព្រឹក ដោយវាអាចផ្តល់ថាមពលដល់រាងកាយ និងមិនខ្លាចការកើនឡើងជាតិខ្លាញ់។
៣) ផ្លែប៉ោម
មានផ្ទុកនូវវីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សុខភាព។ វាផ្តល់ប្រហែល ៩៥ កាឡូរី កាបូអ៊ីដ្រាត ២៥ ក្រាម និង ១៤ ភាគរយនៃវីតាមីន C សម្រាប់ប៉ោមមួយផ្លែ។
ការសិក្សាមួយបង្ហាញថា ផ្លែប៉ោមអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យស្ថានភាពអ្នកមានជំងឺទឹកនោមផ្អែមល្អប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះទេ សារធាតុ Polyphenols ក៏ជួយពន្យឺតដល់ការរំលាយអាហារទៀតផង។
២) ផ្លែល្ហុង
ឃើញល្ហុងផ្អែម តែកុំច្រឡំវាមានជាតិស្ករខ្ពស់ ដោយវាល្អទៅវិញទេ ហើយថែមទាំងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅកម្រិតថេរ។ លើសពីនេះជាតិសរសៃនៅក្នុងផ្លែល្ហុង ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លាន ជួយឲ្យស្រកទម្ងន់។
១) ផ្លែព័រ
វាមានបរិមាណទឹកខ្ពស់ដល់ ៨៤ ភាគរយ ហើយមានប្រសិទ្ធភាពបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនក្នុងរាងកាយ។ អ្នកជំងឺទឹកនោមផ្អែម អាចទទួលទានផ្លែព័រមួយផ្លែរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការឃ្លាន និងមិនប៉ះពាល់សុខភាពឡើយ។ វាក៏មានផ្ទុកនូវសមាសធាតុ Anthocyanin ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក