ក្លឹបមេឃខៀវ Manchester City និងក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើកីឡាករជនជាតិអាស៊ី ដែលស្ថិតនៅលីគ Premier League ជាកូនក្រុមរបស់ក្លឹបចចក Wolves។
នោះគឺ Hwang Hee-chan ជាកីឡាករកូរ៉េខាងត្បូង មិត្តរួមសញ្ជាតិរបស់ Son Heung-min ហើយគេត្រូវបានខ្ចីជើងចេញពី RB Leipzig មក Wolves រយៈពេល ១ រដូវកាល។ យ៉ាងណាបើទោះបី ក្លឹបចចកមានសិទ្ធទិញផ្តាច់នៅបញ្ចប់រដូវកាលខាងមុខ តែសម្រាប់ City/Liverpool ក៏នៅតែជឿថា ពួកគេមានសង្ឃឹមអាចចូលចរចា លើការនាំយកបុរសវ័យ ២៥ ឆ្នាំខាងលើផងដែរ។
បើតាមសារព័ត៌មាន The Mirror ចុះផ្សាយថា ទម្រង់លេងរបស់ Hee-chan នៅលីគកំពូលអង់គ្លេស គឺ ពិតជាធ្វើបានល្អ ដល់ថ្នាក់ទាក់ភ្នែកក្លឹបយក្សទាំងពីរ ខណៈតាមដឹងតម្លៃខ្លួនរបស់គេក៏ទាបមិនដល់ ២០ លានផោនផង ដូច្នេះហង្សនិងមេឃខៀវ ក៏នឹងមិនបណ្តោយឲ្យឱកាសសារនេះ របូតទៅស្រួលៗដែរ។
បញ្ជាក់ថា នៅការបង្ហាញខ្លួនសរុប ១២ ប្រកួតរដូវកាលថ្មី ២០២១/២២ រាប់ទាំងកាលនៅក្លឹបចាស់ និងក្លឹបថ្មី សម្រាប់បុរសវ័យ ២៥ ឆ្នាំ លេងតំណែងប្រយុទ្ធកណ្តាល គេអាចរកបាន ៤ គ្រាប់និង Assist ១ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក