របៀបនៃការជ្រើសរើសខ្នើយគេង គឺជះឥទ្ធិពលដល់ដំណេករបស់អ្នកបាន ហើយការជ្រើសរើសខុស វាមិនបាននាំប្រយោជន៍សុខភាពសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ មានតែផលប៉ះពាល់ដល់ឆ្អឹងឆ្អែងនិងសរីរាង្គមួយចំនួនទៀតផង។
សំណួរសួរថា តើការជ្រើសរើសខ្នើយទាប ឬខ្នើយខ្ពស់ ដែលល្អចំពោះសុខភាព? ចម្លើយសាមញ្ញបំផុត៖ គឺកុំយកខ្នើយខ្ពស់ពេក ហើយកុំយកទាបពេក ជារួមគឺនៅកម្ពស់ល្មម ចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។
១) ផលប៉ះពាល់នៃការគេងខ្នើយខ្ពស់ពេក
មនុស្សជាច្រើនគិតថា ការប្រើខ្នើយខ្ពស់ពេក អាចធ្វើឲ្យគេងលក់ស្រួល តែការពិត វាជះផលអាក្រក់ទៅវិញទេ ដោយវាងាយធ្វើឲ្យរងការឈឺចាប់ត្រង់ផ្នែកឆ្អឹងក និងសាច់ដុំមួយចំនួននៅតំបន់ក រហូតដល់ជួនកាលអាចរហែកសាច់ដុំ ពេលយើងកំពុងគេងក៏មាន។
ទន្ទឹមពេលជាមួយគ្នានេះ វាក៏ធ្វើឲ្យចរន្តឈាមបញ្ជូនទៅកាន់ខួរក្បាល រត់មិនបានល្អ ខ្វះអុកស៊ីហ្សែន ងាយប៉ះពាល់ដល់បេះដូង ផ្លូវដង្ហើម បណ្តាលឲ្យគេងមិនលក់ និងអាចវិលមុខ ឈឺក្បាលក្រោយក្រោកពីដំណេក។
ជាពិសេសខ្នើយខ្ពស់ មិនសក្តិសមសម្រាប់អ្នកគេងចំហៀង និងមនុស្សចាស់នោះទេ ហើយបើអ្នកគេងផ្អៀង ការជ្រើសរើសខ្នើយខ្ពស់ពេក អាចយូរទៅធ្វើឲ្យកោងខ្នងដោយមិនដឹងខ្លួន។ ដូច្នេះដូចការណែនាំពីខាងលើ កម្ពស់ខ្នើយល្អបំផុតគឺ ១០ ទៅ ១៥ សង់ទីម៉ែត្រ។
២) ផលប៉ះពាល់នៃការគេងខ្នើយទាបពេក
គេងខ្នើយខ្ពស់ពេក នាំឲ្យកើតមានផលប៉ះពាល់ដល់សុខភាព តែក៏មិនមានន័យថា ជ្រើសរើសខ្នើយទាប ល្អទាំងអស់នោះទេ។ តាមការណែនាំសម្របពីខាងលើ ការជ្រើសរើសខ្នើយក្រោម ៨ សង់ទីម៉ែត្រ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
ខ្នើយទាបពេក ធ្វើឲ្យលំហូរឈាមបញ្ជូនទៅកាន់ខួរក្បាលច្រើនពេក នាំឲ្យប្រឈមនឹងការកកស្ទះសរសៃឈាម ធ្វើឲ្យមុខហើម ត្របកភ្នែកឡើងហើម ឬឈឺក្បាលក្រោយភ្ញាក់ពីគេង។ ការគេងប្រើខ្នើយទាបនេះសោត ក៏ប្រឈមខ្ពស់នៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត។
ហេតុផលសំខាន់ទីពីរ គឺអាចបណ្តាលឲ្យឈឺក សាច់ដុំកចុះខ្សោយ និងមានបញ្ហាឆ្អឹងកោងខ្នងកើតឡើង។ ទីបី គឺបណ្តាលឲ្យអ្នកគេងមិនលក់ ឬវិលមុខភ្លាមៗមុនពេលគេងលក់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក