តៅហ៊ូមានតម្លៃថោក ងាយស្រួលរកទិញ ហើយវាក៏ជាអាហារដែលមានរសជាតិល្មមទទួលយកមួយផងដែរ។ យ៉ាងណាប្រសិនអ្នកចេះច្នៃមកផ្សំជាមួយអាហារទាំង ៣ ខាងក្រោម នោះវានឹងកាន់តែបន្ថែមប្រយោជន៍មកកាន់សុខភាព៖
៣) តៅហ៊ូ + ស៊ុត
តៅហ៊ូមានជាតិប្រូតេអ៊ីនច្រើន ហើយស៊ុតសម្បូរទៅដោយជីវជាតិ មានឥទ្ធិពលក្នុងការបំប៉នឈាមនិងប៉ូវកម្លាំង។ ការលាយបញ្ចូលគ្នារវាងអាហារទាំងពីរ ក៏បន្ថែមឱជារសកាន់តែឈ្ងុយឆ្ងាញ់ផងដែរ ហើយវាក៏អាចបំពេញជាតិកាល់ស្យូមបានយ៉ាងល្អដល់រាងកាយ។
អ្នកគ្រាន់តែរៀបចំតៅហ៊ូមួយដុំ ស៊ុត ១ គ្រាប់ ខ្ទឹមបារាំង ប្រេងឆា និងគ្រឿងទេសផ្សេងៗ ដោយអាចចំហុយក៏បាន ចៀនក៏បាន។
២) តៅហ៊ូ + សារាយសមុទ្រ
សារាយសមុទ្រមានផ្ទុកនូវសារធាតុ Mannitol ប៉ូតាស្យូម មានប្រសិទ្ធភាពការពារជំងឺក្រិនសរសៃឈាម កាត់បន្ថយសម្ពាធឈាម ហើយវាក៏សម្បូរទៅដោយជាតិសរសៃ ជួយការពារជាតិស្ករក្នុងឈាមមិនឲ្យឡើងខ្ពស់។
ការទទួលទានស៊ុបសារាយសមុទ្រ តៅហ៊ូ វាអាចគ្រប់គ្រងសម្ពាធឈាម ជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងសរសៃឈាម ដែលពិតជាល្អសម្រាប់សុខភាពរបស់មនុស្សទូទៅ។ អ្នកគ្រាន់តែប្រើប្រាស់សារាយសមុទ្រប្រហែល ៥០ ក្រាម តៅហ៊ូ ១ ដុំ ខ្ញីនិងបង្គាក្រាម រួចបោះចូលទៅក្នុងទឹកពុះ លាយគ្រឿងទេសតាមចំណូលចិត្តជាការស្រេច។
១) តៅហ៊ូ + បន្លែបៃតង
តៅហ៊ូរួមបញ្ចូលគ្នាជាមួយបន្លែបៃតង អាចជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើន។ ជាតិសរសៃចេញពីបន្លែ មានតួនាទីបោសសម្អាតកាកសំណល់ក្នុងរាងកាយ ដែលមិនអាចរំលាយបាន ដូច្នេះវាធ្វើឲ្យល្អប្រសើរឡើងនៃប្រព័ន្ធរំលាយអាហារ។
យ៉ាងណាមិនសុទ្ធតែបន្លែទាំងអស់អាចច្នៃមកទទួលទានជាមួយតៅហ៊ូនោះទេ ជាពិសេសគឺស្ពៃ មិនត្រូវខ្នួចជាមួយវាឡើយ ដោយថែមទាំងអាចរាំងស្ទះដល់ដំណើរស្រូបយកជាតិកាល់ស្យូមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក