សកម្មភាពដែលត្រូវអនុវត្តនៅពេលល្ងាចឬយប់ ទាំង ៤ ខាងក្រោមនេះ អាចបង្កើតឥទ្ធិពលវិជ្ជមានដល់រាងកាយរបស់អ្នក ជាពិសេសចង់សួរទៅស្រីៗ តើអ្នកមានប៉ុន្មានចំណុចដែរ? ព្រោះបើអ្នកបាន ២-៣ ចំណុចគឺរាប់ថាល្អហើយ រួចនឹងអាចមានអាយុវែង ជាមួយនឹងសម្រស់ក្មេងជាងវ័យកាន់ឆ្នាំ៖
៤) ទទួលទានអាហារសុខភាព
អ្នកដែលចូលចិត្តទទួលទានអាហារមានខ្លាញ់ច្រើន ជាពិសេសនៅពេលល្ងាច គឺ មិនល្អនោះទេ ព្រោះអាចបណ្តាលឲ្យឡើងទម្ងន់ឆាប់រហ័ស ហើយងាយនឹងកើតគ្រោះថ្នាក់ដូចជាខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាដើម។
ផ្ទុយទៅវិញមនុស្សស្រីដែលអាយុវែង គឺរមែងទទួលទានបន្លែ ហើយពេលល្ងាចមិនទទួលទានអាហារច្រើនពេកទេ រួចទម្លាប់ទទួលទានមុនចូលគេងយ៉ាងហោចណាស់ ៣ ម៉ោង។ ជាក់ស្តែងប្រសិនពួកគាត់គេងម៉ោង ១០ ឬ ១១ នោះពេលវេលាទទួលទានអាហារពេលល្ងាចល្អបំផុតគឺ ៦ ទៅ ៨ យប់។
៣) ត្រាំជើង
ជើងគឺជាផ្នែកចុងក្រោយនៃរាងកាយ ដែលបណ្តុំទៅដោយសរសៃប្រសាទ និងសរសៃឈាមជាច្រើន។ អ្នកមានទម្លាប់ត្រាំជើងក្នុងទឹកក្ដៅឧណ្ហ៍ៗ មុនពេលចូលគេង គឺមិនត្រឹមតែជួយឲ្យចរន្តឈាមរត់ស្រួលប៉ុណ្ណោះទេ ទៀតសោតក៏ជួយឲ្យល្អប្រសើរឡើងនូវគុណភាពនៃការគេងថែមទៀតផង។
២) ទម្លាប់ធ្វើលំហាត់ប្រាណ
មនុស្សភាគច្រើនក៏បានចំណាយពេលធ្វើលំហាត់ប្រាណនៅពេលល្ងាច ដើម្បីសម្រកទម្ងន់ និងកាត់បន្ថយខ្លាញ់លើស ក៏ដូចជាកម្ចាត់ជាតិពុលចេញពីរាងកាយ។ លំហាត់ប្រាណនេះសោតក៏ជួយសម្រាលភាពតានតឹង ជួយឲ្យចិត្តស្ងប់ថែមទៀតផង។
យ៉ាងណាសម្រាប់ស្រីៗមិនគួរធ្វើលំហាត់ប្រាណខ្លាំងៗពេកទេ ដោយជ្រើសរើសនូវប្រភេទលំហាត់ប្រាណស្រាលៗ ដែលនេះវាក៏មិនធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ពេក ហើយអាចគេងលក់ស្រួល ជួយការពាររាងកាយពីការវិវត្តទៅរកភាពចាស់ជាងវ័យយ៉ាងមានប្រសិទ្ធភាព។
១) គេងឲ្យបានលឿន
មនុស្សស្រីអាយុវែង មិនទម្លាប់គេងយូរពេកទេ ព្រោះការគេងគ្រប់គ្រាន់ ការចូលដំណេកលឿន គឺអាចជួយឲ្យកោសិកាក្នុងរាងកាយចាប់ផ្តើមដំណើរការជួសជុលនិងស្តារឡើងវិញបានគ្រប់គ្រាន់ ហើយជួយឲ្យស្បែករលោង កាត់បន្ថយផលប៉ះពាល់នៃដំណើរការចាស់។
ពេលវេលាគេងល្អបំផុត គឺចន្លោះម៉ោង ១០-១១ យប់ មិនគួរហៀរចូលដល់ម៉ោង ១២ យប់ឬទាបភ្លឺនោះឡើយ ហើយទោះអ្នកគេងបំពេញវិញនៅថ្ងៃបន្ទាប់ ក៏មិនល្អនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក