ដើម្បីព្យាបាលបញ្ហាមុន អ្នកក៏អាចប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំង ៥ ខាងក្រោមនេះ ដោយវាអាចផ្តល់ទាំងប្រសិទ្ធភាព និងសុវត្ថិភាព មិនមានអ្វីគួរឲ្យបារម្ភនោះទេ៖
៥) ប្រើក្រូចឆ្មា
ក្រូចឆ្មាមានវីតាមីន C ជួយព្យាបាលស្បែកស្ងួត បំបាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស។ មុនពេលចូលគេង គ្រាន់តែច្របាច់ទឹកក្រូចឆ្មា យកមកដាក់លើសំឡីហើយជូតត្រង់បរិវេណកើតមុនថ្នមៗ មុនលាងទឹកសម្អាតចេញ។
អ្នកក៏អាចលាយទឹកក្រូចឆ្មាពីរបីដំណក់ចូលទៅក្នុងទឹកឃ្មុំ ឬទឹកត្រសក់ ដើម្បីយកមកលាបលើមុខ ដោយនេះវាក៏មានប្រសិទ្ធភាពប្រឆាំងនឹងមុនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យស្បែកភ្លឺថ្លា មានសុខភាពល្អទៀតផង។
៤) ប្រើការ៉ុត
ការ៉ុតមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ហើយក៏ជាឱសថដ៏ល្អមួយដែរ សម្រាប់ព្យាបាលបញ្ហាមុន។ អ្នកអាចយកទឹកការ៉ុត ៥០០ ក្រាម មកលាយជាមួយម្សៅផាត់មុខ ៥ ក្រាម ហើយយកវាមកលាបលើមុខ របស់អ្នកប្រហែល ១០ នាទី មុនលាងសម្អាតទឹកចេញជាមួយទឹកត្រជាក់។
៣) ប្រើប៉េងប៉ោះ
ប៉េងប៉ោះត្រូវបានជ្រើសរើស មកលើកសម្រស់រាងកាយជាច្រើនរបៀប។ ប៉ុន្តែសម្រាប់ស្រ្តីដែលមានរបាំងមុខស្តើង ងាយប្រតិកម្ម គឺមិនគួរប្រើច្រើនពេកនោះទេ។
អ្នកអាចសាកល្បងដោយហាន់ប៉េងប៉ោះជាចំណិតស្តើងៗ លាងមុខរបស់អ្នកចេញ ហើយយកចំណិតទាំងនោះមកបិទលើមុខ ជាពិសេសកន្លែងកើតមុន រួចទុកចោលប្រហែល ១៥ នាទី។ បន្ទាប់មកលាងជម្រះមុខជាមួយទឹកត្រជាក់ ហើយសម្ងួតមុខដោយកន្សែងស្អាត។
២) ប្រើប្រទាលកន្ទុយក្រពើ
Aloe vera ឬប្រទាលកន្ទុយក្រពើ ក៏ជារបស់ដ៏មានប្រសិទ្ធភាពមួយផងដែរ ក្នុងការព្យាបាលមុខមុន។ ច្របាច់វាយកតឹក ច្រោះវាតាមក្រណាត់ស្តើងស្អាត ហើយយកទឹកនោះឲ្យបានប្រហែល ២ ស្លាបព្រាកាហ្វេ យកមកលាយជាមួយទឹកត្រសក់ប្រហែល ៣ ស្លាបព្រាកាហ្វេ និងស្ករក្រហម ២ ស្លាបព្រា លាយជាមួយម្សៅ baking soda បន្តិច។
រួចកូរវាឲ្យសព្វ ហើយយកវាមកប៉ាតលាបលើមុខ ដោយអាចធ្វើ ១ សប្តាហ៍ម្តង ហើយលាបទុកចោលប្រហែល ៣០ នាទី តែជៀសវាងការលាបជុំវិញបរិវេណក្បែរភ្នែកនិងមាត់។
១) ខ្ទឹមស
យោងតាមការសិក្សាបង្ហាញថា ខ្ទឹមស មានឥទ្ធិពលប្រឆាំងនឹងបាក់តេរី កាត់បន្ថយការរលាក ការឡើងក្រហម និងហើមនៅលើស្បែកដែលងាយកើតមុន។
អ្នកអាចប្រើប្រាស់ខ្ទឹមស ដំវាឲ្យសំប៉ែត ឬបុក កិន ហើយយកមកលាបលើផ្នែកកើតមុន ២ ឬ ៣ នាទី មុនលាងមុខជាមួយទឹកក្ដៅឧណ្ហ៍ៗ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក