បើតាមការយល់ឃើញរបស់អតីតខ្សែបម្រើជើងចាស់លោក Jerome Rothen បានបង្ហាញការជឿជាក់ថា វត្តមាន Lionel Messi ជាមួយ Neymar Jr មិនអាចបង្កើតឥទ្ធិពលជោគជ័យដល់ក្លឹបបារាំងបាននោះទេ ដរាបណាបើគ្មានវត្តមាន Kylian Mbappe។
ស្ថានភាពកុងត្រារបស់ Mbappe មិនទាន់ត្រូវបានដោះស្រាយចេញនៅឡើយ ដ្បិតអីសុពលភាពការឈរជើងរបស់គេ ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។ ភាគរយច្រើនដែលកីឡាករវ័យក្មេងបារាំង ជ្រើសយកផ្លូវបែកជាងការបន្តនៅ។ ស្ថិតិនៅក្លឹប PSG គេរកបាន ១៣៨ គ្រាប់និង Assist ៦២ លើកនៅការបង្ហាញខ្លួនសរុប ១៨៤ ប្រកួត។
ប្រាប់ RMC Sport កាលពីពេលកន្លងទៅ លោក Rothen និយាយថា៖ "ប្រសិន Mbappe ចាកចេញ នោះ PSG គឺមានតែដើរថយក្រោយ ខ្ញុំច្បាស់រឿងហ្នឹងណាស់ ដោយវាជាឱកាសមួយការដែលយើងមានកីឡាករល្អបំផុតក្នុងលោកដូចជា Mbappe គេតំណាងឲ្យ PSG សព្វថ្ងៃនេះ ដែលគេតែងតែបង្កើតរឿងអស្ចារ្យ និងជួយឲ្យក្លឹបឈ្នះការប្រកួតធំៗ"។
លោកបន្ត៖ "នេះវាបានបង្ហាញមកច្បាស់ណាស់ថា ផែនការណ៍ជោគជ័យរបស់ក្លឹបគឺកើតឡើងជុំវិញ Mbappe មិនមែនកីឡាករដទៃណាទាំងអស់ ពោលមិនមែនដោយសារ Lionel Messi ឬ Neymar អាចជួយឲ្យក្លឹបជោគជ័យបាននោះទេ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក