ពានរង្វាន់ឯកត្តជន Ballon d'Or នឹងត្រូវប្រកាសនៅថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ហើយពេលចុងក្រោយយើងបានដឹងរួចហើយនូវបញ្ជីបេក្ខភាពទាំង ៣០ រូប។ ការយល់ឃើញគឺខុសៗគ្នា ខ្លះទៅថា អាចជា Cristiano Ronaldo, Lionel Messi, Jorginho ខ្លះក៏ថា Robert Lewandowski ឬ Karim Benzema ជាដើម។
យ៉ាងណាបង្វែរមកជ្រុងគួរឲ្យចាប់អារម្មណ៍មួយ មានអ្នកគាំទ្រសួរមក Knongsrok ថា តើពានរង្វាន់ Ballon d'Or សម្រាប់កីឡាករដែលឈ្នះ ពួកគេទទួលបានប្រាក់រង្វាន់ដែរឬទេ? តាមពិតទៅស្ថាប័នរៀបចំ France Football គឺមិនបានផ្តល់ប្រាក់សូម្បីតែមួយសេន្ត ប៉ុន្តែពាននោះក្រោយពេលកីឡាករទទួលបាន គឺកីឡាករអាចមានសិទ្ធរក្សាទុក ឬចង់ដេញថ្លៃដាក់លក់ទៅតាមចិត្តរបស់ខ្លួន។
ករណីមួយផ្សេងទៀត កីឡាករក៏អាចជាទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចេញពីក្លឹបវិញ ដោយវាស៊ីសងលើកិច្ចព្រមព្រៀងក្នុងកុងត្រាដែលបានចរចាគ្នា លើលក្ខខណ្ឌប្រាក់ឧបត្ថម្ភបន្ថែម។ តួយ៉ាងដូចជា Luka Modric ទទួលបានប្រាក់រង្វាន់ ១,២ លានដុល្លារពីក្លឹប Real Madrid កាលពីឆ្នាំ ២០១៨ រីឯ Lionel Messi រៀងរាល់ឈ្នះ Ballon d'Or ១ លើកនៅក្លឹប Barcelona ទទួលបាន ១,២ លានដុល្លារដូចគ្នា។
សម្រាប់ Cristiano Ronaldo កាលនៅ Juventus និង Man Utd យើងមិនច្បាស់ថាទទួលបានឬអត់ទេ តែជាមួយ Real Madrid គេអាចទទួលបាន ១,២ លានដុល្លារ។ ទៅមើល Neymar ជាមួយ PSG គឺក្លឹបផ្តល់ឲ្យដល់ទៅ ៣,៥ លានដុល្លារឯណោះប្រសិនឈ្នះ តែកីឡាករប្រេស៊ីលមិនទាន់ធ្វើបាននៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក