ខ្សែបម្រើក្លិប AFC Bournemouth និងជម្រើសជាតិ Wales កីឡាករ David Brooks បានបង្ហាញថាគាត់ធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក Hodgkin Lymphoma ដំណាក់កាលទី ២ ។
កីឡាករវ័យ ២៤ ឆ្នាំដែលលេងនៅជាមួយ Bournemouth ចាប់តាំងពីការផ្ទេរពីក្រុម Sheffield United ឆ្នាំ ២០១៨ បានដកខ្លួនចេញពីក្រុមជម្រើសជាតិវេលស៍ថ្មីៗនេះដោយសារតែមានជំងឺ និងបានបញ្ជាក់ពីសារៈសំខាន់របស់វា កាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់។
ជំងឺមហារីកកូនកណ្តុរ Hodgkin គឺជាមហារីកដែលវិវឌ្ឍន៍នៅក្នុងប្រព័ន្ធឡាំហ្វាទិច ដែលជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយហើយភាគច្រើនប៉ះពាល់ដល់មនុស្សវ័យជំទង់នៅដើមអាយុ ២០ ឆ្នាំ ឬចំពោះមនុស្សចាស់ដែលមានអាយុលើសពី ៧០ ឆ្នាំ។ Brooks បានសរសេរសារមួយយ៉ាងវែងក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖“ នេះគឺជាសារដ៏ពិបាកមួយសម្រាប់ខ្ញុំក្នុងការសរសេរ"។
“ ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្តុរដំណាក់កាលទី ២ ហើយនឹងចាប់ផ្តើមការព្យាបាលនៅសប្តាហ៍ក្រោយ"។
“ ថ្វីត្បិតតែរឿងនេះបានកើតឡើងចំពោះខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏ដោយ ប៉ុន្តែការព្យាករណ៍នេះគឺវិជ្ជមានហើយខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងជាសះស្បើយពេញលេញហើយអាចចូលលេងវិញបានឆាប់តាមដែលអាចធ្វើទៅបាន” ។
“ ខ្ញុំចង់បង្ហាញការកោតសរសើរចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋយិការ អ្នកប្រឹក្សា និងបុគ្គលិកដែលបានព្យាបាលខ្ញុំចំពោះវិជ្ជាជីវៈ ភាពកក់ក្តៅ និងការយល់ដឹងរបស់ពួកគេក្នុងកំឡុងពេលនេះ។ ខ្ញុំចង់អរគុណអ្នករាល់គ្នានៅសមាគមកីឡាបាល់ទាត់វេលស៍ ពីព្រោះបើគ្មានការយកចិត្តទុកដាក់រហ័សពីក្រុមគ្រូពេទ្យរបស់យើងទេ យើងប្រហែលជាមិនបានរកឃើញជំងឺនេះទេ"។
"ខ្ញុំក៏សូមថ្លែងអំណរគុណដល់ AFC Bournemouth សម្រាប់ការគាំទ្រនិងជំនួយទាំងអស់របស់ពួកគេកាលពីសប្តាហ៍មុន។ ក្នុងពេលនេះសូមអរគុណដល់អ្នករាល់គ្នាចំពោះសារគាំទ្ររបស់ពួកគេ"។
"ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀត និងលេងកីឡាដែលខ្ញុំស្រលាញ់ក្នុងពេលឆាប់ៗនេះ" ។
នាយកប្រតិបត្តិរបស់ Bournemouth លោក Neill Blake បាននិយាយថា៖“ អ្នករាល់គ្នានៅ AFC Bournemouth នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រ David និងគ្រួសាររបស់គាត់អំឡុងពេលគាត់ជាសះស្បើយ"។
“ យើងមិនកំណត់ពេលវេលាណាមួយក្នុងការវិលត្រឡប់របស់គាត់ទេ យើងនឹងផ្តល់ឱ្យ David គ្រប់ពេលដែលគាត់ត្រូវការដើម្បីឱ្យបានជាសះស្បើយហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយក្នុងរឿងនោះ"។
"ខ្ញុំដឹងថាអ្នករាល់គ្នានឹងចង់បង្ហាញពីក្តីស្រឡាញ់ និងការគាំទ្ររបស់ពួកគេចំពោះ David ដែលនឹងជួយគាត់យ៉ាងខ្លាំងនៅពេលគាត់ជាសះស្បើយ ប៉ុន្តែយើងក៏សូមជម្រុញឱ្យអ្នកទាំងអស់គ្នាគោរពភាពឯកជនរបស់គាត់ និងគ្រួសារគាត់ក្នុងអំឡុងពេលនេះផងដែរ"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក