ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់លក់ចេញ N'Golo Kante នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខ បើទោះបីគេនារយៈពេលចុងក្រោយហាក់បង្ហាញទម្រង់លេងល្អ និងអាចជួយក្រុមលើកពានរង្វាន់ UEFA Champions League ក៏ដោយ។
កីឡាករបារាំងកន្លងទៅនេះ ទើបតែខកខានការជួយក្រុមលេងទល់ Juventus ក្រោមហេតុផលមានផ្ទុកជំងឺ COVID-19 ហើយទំនងអាចត្រលប់មកវិញនៅ ២-៣ សប្តាហ៍បន្ទាប់។ យ៉ាងណាអនាគតរបស់គេ ហាក់មិនស្ថិតស្ថេរនោះទេ ជាពិសេសក្រោយមានដំណឹងគេអាចនឹងត្រូវបានលក់ចេញនៅទីផ្សារដោះដូរនាបញ្ចប់រដូវកាល។
ហេតុផលដែលក្លឹបតោខៀវ Chelsea ប្រញាប់ចង់លក់ Kante ចេញ ព្រោះអីចង់ប្រមូលលុយធំចូលក្លឹប ក៏ដោយសារតម្លៃខ្លួនគេអាចនឹងស្ថិតនៅតួលេខខ្ពស់ ដ្បិតអាយុគេច្រើន តែគេលេងល្អ ហើយនៅជាប់ក្នុងសុពលភាពកុងត្រា។ ប៉ុន្តែបើបន្តប្រើប្រាស់គេដល់ឆ្នាំ ២០២៣ នោះក្លឹបនឹងមិនអាចទទួលបានចំណូលអ្វីទាំងអស់ ពោលនឹងក្លាយជាការផ្ទេរដោយឥតតម្លៃខ្លួន ព្រោះកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ នោះឯង។
បញ្ជាក់ថា Kante មានវ័យ ៣០ ឆ្នាំ ដោយគេបានផ្ទេរចេញពី Leicester City មកបង្កើតផ្លែផ្កាជោគជ័យនៅ Chelsea តាមរយៈការឈ្នះពាន Premier League, FA Cup និង Champions League។ តាមហាងឆេងថ្លៃខ្លួនរបស់គេ ប្រសិន Chelsea លក់គេចេញនៅរដូវក្តៅឆ្នាំក្រោយ ក៏ក្លឹបនៅតែអាចកើបផលចំណេញ ពីថ្លៃដើមលើការចំណាយ ប្រមាណ ២០ ទៅ ៣០ លានអឺរ៉ូផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក