ការតុបតែងផ្ទះ មិនត្រឹមតែបង្ហាញពីសោភ័ណភាពប៉ុណ្ណោះទេ តែវាក៏ពាក់ព័ន្ធនឹងយីអ៊ុនម្ចាស់ផ្ទះផងដែរ។ ដូច្នេះរាល់ការជ្រើសរើសយកផ្ទាំងគំនូរហុងស៊ុយណាមួយមកប្រើប្រាស់ គួរតែគិតឲ្យបានល្អិតល្អន់ ហើយ Knongsrok សូមណែនាំនូវរូបគំនូរហុងស៊ុយ ៣ ប្រភេទខាងក្រោម៖
១) រូបផ្កា Peonies
រូបគំនូរផ្កា Peonies មិនត្រឹមតែបង្ហាញនូវភាពស្រស់ស្អាត និងរំលេចនៃពណ៌ ដែលអាចលើកសោភ័ណភាពក្នុងបន្ទប់ប៉ុណ្ណោះទេ តែតាមក្បួនហុងស៊ុយវាក៏ពោរពេញទៅដោយធាតុទាំង ៥។
កន្លែងល្អបំផុតគួរព្យួររូបនេះ នៅខាងក្រោយសាឡុងនៃបន្ទប់ទទួលភ្ញៀវ ដែលវាអាចទាញលំហូរខ្យល់វិជ្ជមានចូលមកក្នុងផ្ទះបាន។
២) រូបគំនូរឥន្ទ្រីបើកស្លាប
ការជ្រើសរើសរូបគំនូរឥន្ទ្រីបើកស្លាប រមែងបង្ហាញពីភាពរឹងមាំ ហើយតាមក្បួនវារមែងជួយម្ចាស់ផ្ទះឲ្យសម្រេចបាននូវជោគជ័យ ក្នុងអាជីពការងារ និងអាចរស់នៅដោយភាពសុខសាន្តក្នុងជីវិត។
ស្លាបឥន្ទ្រីដែលបើកលាតសន្ធឹង បង្ហាញពីអំណោយផលនិងភាពរីករាយ តែយ៉ាងណាត្រូវប្រាកដថាពេលព្យួររូបនោះ កុំព្យួរឲ្យទីតាំងនៃចំពុះឥន្ទ្រី បែរចំទីតាំងកន្លែងមនុស្សអង្គុយ ព្រោះវាជារបស់ស្រួច របស់មុត អាចនាំឲ្យប៉ះពាល់ដល់អាជីពមនុស្សដែលអង្គុយក្រោមនោះទៅវិញ។
៣) រូបគំនូរទេសភាព
ទេសភាពមានភ្នំ មានទន្លេ គឺជារូបគំនូរពេញនិយមនៅពេលបច្ចុប្បន្ននេះ ហើយវាបង្ហាញពីភាពស្ងប់ស្ងាត់ ក៏ដូចជាត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តធម្មជាតិ។
អត្ថន័យរបស់វា នៅក្នុងក្បួនហុងស៊ុយ គឺតំណាងឲ្យមនុស្សនៃភាពថ្លៃថ្នូរ និងរមែងទទួលបានការអភិវឌ្ឍជានិច្ចក្នុងជីវិត។ វាក៏នឹងនាំមកនូវសំណាងយូរអង្វែងនិងផលចំណេញឥតឈប់ដល់ម្ចាស់ផ្ទះ តែយ៉ាងណាត្រូវចាំ កុំដាក់រូបនេះនៅកន្លែងដែលងងឹត ព្រោះទឹកនឹងឆ្លុះប្តូរទៅជាកញ្ចក់ នាំឲ្យក្លាយជាគ្រោះដល់ម្ចាស់ផ្ទះទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក