ជាការពិតកូលេស្តេរ៉ុល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃសរីរាង្គមួយចំនួនរបស់យើង ប្រសិនរាងកាយមានកូលេស្តេរ៉ុលអាក្រក់ច្រើន នោះហានិភ័យនៃការឈឺទ្រូង ការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល។ល។ គឺអាចកើតមានច្រើន ដូច្នេះអ្នកត្រូវតែបន្ថែមរបបអាហារជួយបង្កើនកូលេស្តេរ៉ុលល្អទាំង ៥ ដូចខាងក្រោម៖
៥) ប្រេងអូលីវ
ប្រេងអូលីវមានផ្ទុកនូវវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលវាមានជាតិខ្លាញ់មិនឆ្អែតខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ការពារសរសៃឈាម និងសុខភាពបេះដូង។
វាក៏ជយកាត់បន្ថយនូវកូលេស្តេរ៉ុលអាក្រក់ ហើយបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ។ អាស៊ីដខ្លាញ់ ដែលមានក្នុងប្រេងអូលីវ វានឹងធ្វើឲ្យមានតុល្យភាពកម្រិតកូលេស្តេរ៉ុល ការពារបានយ៉ាងល្អ ពីជំងឺដាច់សរសៃឈាម។
៤) ស៊ុត
អាហារនេះមានកូលេស្តេរ៉ុលខ្ពស់ ដោយជាមធ្យមស៊ុតមួយ អាចផ្តល់កូលេស្តេរ៉ុលប្រហែល ២១១ មិល្លីក្រាម។ បន្ថែមពីការផ្តល់កូលេស្តេរ៉ុលល្អមកកាន់រាងកាយ វាក៏មានសារធាតុចិញ្ចឹមដូចជាវីតាមីន B សេលេញ៉ូម និងវីតាមីន A ថែមទៀតផង។
៣) សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរទៅដោយប៉ូលីហ្វេណុល និងសារជាតិ Flavonols ដែលមានសមត្ថភាពជួយឲ្យសរសៃឈាមអាចសម្រាក បង្កើនលំហូរឈាមទៅក្នុងរាងកាយ និងជួយបង្កើនកូលេស្តេរ៉ុលល្អ។ ទោះជាយ៉ាងណាវាមានផ្ទុកកាឡូរីខ្ពស់ ដែលអាចប៉ះពាល់ដល់ការឡើងទម្ងន់ ដូច្នេះក៏គួរតែកំណត់នូវបរិមាណទទួលទានសមស្របមួយដែរ។
២) ទឹកដោះគោជូរ
នៅក្នុងយ៉ាអួរ ទឹកដោះគោជូរ មានបាក់តេរីមានប្រយោជន៍ ដែលជួយបង្កើនអង់ស៊ីម ធ្វើឲ្យប្រសើរឡើងនៅការរំលាយអាហាររបស់អ្នក។ ក្រៅពីនេះវាក៏មានផ្ទុកនូវកូលេស្តេរ៉ូលល្អ សម្រាប់រាងកាយផងដែរ ដូច្នេះអ្នកគួរតែទទួលទានយ៉ាអួរមួយប្រអប់ក្នុងមួយថ្ងៃ តែត្រូវជ្រើសរើសយកប្រភេទដែលគ្មានជាតិខ្លាញ់នាំឲ្យឡើងទម្ងន់។
១) ស្រាក្រហម
តាមការស្រាវជ្រាវបង្ហាញថា ស្រាក្រហមទំពាំងបាយជូរ រមែងមានសារធាតុសាប៉ូនីន ដែលជាសមាសធាតុមានប្រយោជន៍ចំពោះសុខភាព ហើយមានសមត្ថភាពបង្កើនកម្រិតកូលេស្តេរ៉ុលល្អ និងជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់យ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក