ក្លឹបបិសាចក្រហម Man Utd ត្រូវបានគេរាយការណ៍ថា មិនទាន់បញ្ឈប់ការចង់បានគោលដៅចាស់នៅឯលីគកំពូលអាល្លឺម៉ង់នោះទេ ពោលនឹងគួបផ្សំឥទ្ធិពល Cristiano Ronaldo បើកការចរចានាំយកគេជាថ្មីនៅរដូវក្តៅខាងមុខ។
នោះគឺម៉ាស៊ីនបញ្ចប់ទី Erling Haaland ដែលត្រឹម ៧ ប្រកួតរដូវកាលថ្មី គេរកបានដល់ទៅ ១១ គ្រាប់រួចមកហើយ។ អ្វីដែល Dortmund បម្រុងនឹងត្រូវបាត់បង់កីឡាករន័វេស ក៏ដោយសារ Haaland សម្រាប់ដំណើរការតម្លៃផ្តាច់កុងត្រារបស់គេ នឹងកើតមានពីខែមិថុនា ឆ្នាំ ២០២២ តទៅ ពោលគឺស្ថិតនៅតម្លៃតែ ៦៨ លានផោនប៉ុណ្ណោះ។
ដូច្នេះបណ្តាក្លឹបទាំងអស់ អាចចូលមកចរចានាំយកគេនៅតម្លៃដ៏ទាបមួយនេះបាន ដ្បិតអីតម្លៃពីដើមមក អាចខ្ពស់ដល់ ១៥០ លានផោន។ ទៅមើល Man Utd ក៏មិនបោះបង់ឱកាសសារនេះដែរ ហើយចង់បញ្ចុះបញ្ចូលនាំយកគេមក Old Trafford រួមជើងជាមួយ Ronaldo នៅរដូវកាល ២០២២/២៣ ខាងមុខ។
យ៉ាងណា United ត្រូវឆ្លងកាត់ការប្រជែងជាមួយក្លឹបធំៗឯ ទៀតដូចជា Barcelona, Real Madrid និង Man City តែវាស៊ីសងលើការសម្រេចរបស់ភាគីកីឡាករតែមួយរូបប៉ុណ្ណោះ។ បញ្ជាក់ថា Haaland ចាប់តាំងពីការផ្ទេរមក Dortmund នៅខែមករា ឆ្នាំ ២០២០ គិតមកទល់ពេលនេះ គេរកបាន ៦៨ គ្រាប់ហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក