ក្លឹបបិសាចក្រហម Man Utd ដ្បិតបើសព្វថ្ងៃកំពុងចាយវាយលើថ្លៃពលកម្មក្រាស់ក្រែលសម្រាប់ Cristiano Ronaldo និង David de Gea រួចហើយក៏ដោយ តែផែនការណ៍ទៅពេលខាងមុខ ក្លឹបនៅតែមានគោលជំហរចង់លើកទឹកចិត្តសម្រាប់កីឡាករឆ្នើមមួយរូបឲ្យខ្ពស់ជាងហ្នឹងថែមទៀត។
នោះគឺជាខ្សែបម្រើ Paul Pogba ដែលគេក៏អាចរាប់បានជាកីឡាករកាន់ឆ្នាំមួយរូបនៅ Old Trafford ហើយតាមសារព័ត៌មាន The Express ចុះផ្សាយថា ក្លឹប Man Utd មានគម្រោងចង់ផ្តល់ថ្លៃពលកម្មឲ្យកីឡាករបារាំងដល់ ៤០០ ០០០ ផោន/សប្តាហ៍ នេះគឺកើនឡើងជាង ១០០ ០០០ ផោនធៀបនឹងថ្លៃពលកម្មបច្ចុប្បន្ន។ ទំហំនេះខ្ពស់ជាង Ronaldo ទទួលបាន ៣៨៥ ០០០ ផោន រីឯ De Gea ពាន ៣៧៥ ០០០ ផោន។
នេះអាចថាជាយុទ្ធវិធីក្នុងការថ្ពក់ចិត្ត Pogba ឲ្យជ្រើសរើសការបន្តឈរជើងនៅ Old Trafford ដ្បិតសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។ ដោយឡែកក៏មានក្លឹបជាច្រើនចង់បានកីឡាករវ័យ ២៨ ឆ្នាំផងដែរ តួយ៉ាង Real Madrid, Juventus, PSG និង Barcelona ជាដើម។
គួររំឭកថា Pogba បានមកចូលរួមជាមួយ United តាំងពីឆ្នាំ ២០១៦ ហើយគិតមកទល់ពេលនេះ បង្ហាញខ្លួន ២១២ ប្រកួត រកបាន ៣៨ គ្រាប់និង Assist ៤៩ លើក និងជាប់ឈ្មោះជាខ្សែបម្រើដ៏លេចធ្លោមួយនៅ Premier League៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក