ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងមានផែនការណ៍ត្រៀមវ៉ៃចេញកីឡាករ ៧ រូបនៅទីផ្សារដោះដូររដូវរងាខាងមុខ ព្រោះដើម្បីប្រមូលលុយមួយចំនួនត្រលប់មកវិញ បន្ទាប់ពីការចាយវាយក្រាស់ក្រែលទៅលើការនាំយក Cristiano Ronaldo, Jadon Sancho និង Raphael Varane កាលពីរដូវក្តៅ។
កំឡុងការចាយវាយដល់ខ្ទង់រយលាន សម្រាប់ United មិនទាន់កើបចំណូលមកវិញបាននោះទេ ដ្បិតបើកន្លងទៅ មានការចាកចេញរបស់ Sergio Romero និង Daniel James តែពួកគេជាកីឡាករផុតកុងកុងត្រា និងលក់បានតម្លៃទាបប៉ុណ្ណោះ។
បើតាមសារព័ត៌មាន TheSun បានឲ្យដឹងថា United កំពុងរៀបផែនការណ៍ប្រមូលលុយចូលក្លឹប ដើម្បីត្រៀមថ្ពក់យកតារាឆ្នើម Declan Rice ឬ Jude Bellingham នៅរដូវក្តៅ ឆ្នាំ ២០២២។ ដូច្នេះនៅខែមករាខាងមុខ ពួកគេចង់លក់ចេញកីឡាករ ៧ រូប តាមដែលអាចធ្វើទៅបាន ដោយរួមមាន Donny van de Beek, Jesse Lingard, Diogo Dalot, Phil Jones, Eric Bailly, Anthony Martial និង Alex Telles ជាដើម។
ក្នុងចំណោមនោះ មានតែ Lingard មួយប៉ុណ្ណោះ ដែលមើលឃើញពីទ្រនំថ្មី រាងជាក់ច្បាស់ជាងគេ ពោលកីឡាករអង់គ្លេស អាចជាផ្ទេរទៅក្លឹប West Ham United ហើយបើបូកតម្លៃជារួមនៃការផ្ទេរអ្នកទាំង ៧ គឺមិនក្រោម ១២០ លានផោនឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក