Lionel Messi ចាប់តាំងពីការផ្ទេរមកក្លឹបបារាំង Paris Saint-Germain គឺលោកបានស្នាក់នៅសណ្ឋាគារ Royal Monceau ក្នុងទីក្រុងប៉ារីសបណ្តោះអាសន្ន តែយ៉ាងណារយៈពេលចុងក្រោយនេះ ខាងភរិយាអ្នកស្រី Antonella Rocuzzo បានពិភាក្សាជាមួយស្វាមី និងសម្រេចទិញផ្ទះមួយកន្លែងហើយ។
បើតាមការឲ្យដឹងពីសារព័ត៌មាន SportBible បានចុះផ្សាយថា Antonella មើលឃើញវិមានមួយកន្លែង ដែលមានតម្លៃ ៤១ លានផោនឬជាង ៥៦ លានដុល្លារ យកទុកជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីពេលខាងមុខតទៅ។
វាជាប្រភេទវិមាន ដែលបានសាងសង់តាំងពីឆ្នាំ ១៨៩៩ ហើយមានទីធ្លាធំទូលាយ មានបន្ទប់ដល់ទៅ ៣០ នេះមិនទាន់រាប់បន្ទប់ហែលទឹកខាងក្នុងផ្ទះ បន្ទប់រោងភាពយន្ត និងក្លឹបហាត់ប្រាណផង ហើយក៏មានទីលានឯកជនថែមទៀត។
បរិយាកាសខាងក្នុងគឺរាប់ថាល្អឥតខ្ចោះហើយ ខណៈដែលចម្ងាយទៅទីលានហ្វឹកហាត់ គឺ Messi ត្រូវធ្វើដំណើរតែ ១៥ នាទីប៉ុណ្ណោះ។ បញ្ជាក់ថា កាលពីអតីតកាលក៏ធ្លាប់មានអតីតប្រធានាធិបតីបារាំងលោក Charles De Gaulle ធ្លាប់ស្នាក់នៅទីនោះរយៈពេល ៣ ថ្ងៃផងដែរ កំឡុងពេលកើតមានសង្រ្គាមលោកលើកទី ២ ឆ្នាំ ១៩៤០។
គួរបញ្ជាក់ថា ការសម្រេចទិញយកបែបណានោះ យើងនឹងចុះផ្សាយលម្អិតម្តងទៀតនៅពេលក្រោយ។ ទៅមើលការប្រកួតរបស់ Messi ជាមួយ PSG បន្តិច ឃើញថាមិនទាន់សម្របធ្វើបានល្អនៅឡើយទេ ជាពិសេសក្រោយស្មើទល់ Club Brugge នៅ UCL កន្លងទៅ។ ប្រកួតបន្ទាប់របស់ M10 គឺត្រូវជួប Lyon នៅក្របខ័ណ្ឌ Ligue 1 ចុងសប្តាហ៍នេះ៕
ប្រភព៖ SportBible