តើអ្នកគិតថាក្លឹបណាមួយ នឹងអាចលើកពាន Premier League នៅរដូវកាល ២០២១/២២? គិតត្រឹមជុំទី ១ នៅកំពូលតារាង យើងឃើញមានក្លឹប ៤ មានលំដាប់ពិន្ទុស្មើគ្នាគឺ Man Utd, Everton, Chelsea និង Liverpool។
យ៉ាងណាក្រឡេកមកមើលឃើញការយល់ឃើញរបស់ខ្សែបម្រើក្លឹបហង្សក្រហម លោក Fabinho ឯណេះវិញ បានធីបចោលក្លឹប Man Utd ហើយនិយាយថា មានតែ Man City និង Chelsea ទេ ដែលសង្ឃឹមខ្ពស់ជាងគេ សម្រាប់ការប្រជែងពានលីគកំពូលអង់គ្លេស។
ប្រាប់សារព័ត៌មាន ESPN កីឡាករប្រេស៊ីលថា៖ "ខ្ញុំនៅតែគិតថា Man City ជាក្រុមសង្ឃឹមខ្ពស់ ពួកគេនឹងអាចការពារជើងឯក ហើយនៅតែបន្តពង្រឹងភាពរឹងមាំ ដែលជាអ្វីពួកគេតែងតែធ្វើរៀងរាល់រដូវកាល"។
លោកបន្ថែម៖ "សម្រាប់ Chelsea ដែលជាក្រុមការពារជើងឯក Champions League ដែលនៅបន្តទិញចូលកីឡាករនៅរយៈពេលចុងក្រោយ ខ្ញុំក៏គិតថា ពួកគេជាក្រុមសង្ឃឹមខ្ពស់ដូចគ្នា ពោលក្រុមទាំងពីរនេះពិតជារឹងមាំខ្លាំងណាស់"។ បញ្ជាក់ថា Chelsea សប្តាហ៍នេះត្រូវជួប Spurs ខណៈ Man City ត្រូវជួប Southampton៕
ប្រភព៖ Metro