អ្នកចាត់ការលោក Carlo Ancelotti បានមើលឃើញថា ក្លឹប Real Madrid ពេលនេះកំពុងមានចន្លោះប្រហោងតំបន់ការពារ ពោលបន្ទាប់ពី Raphael Varane និង Sergio Ramos ចាកចេញព្រមគ្នា ក្នុងរដូវក្តៅតែមួយ។
បើតាមសារព័ត៌មាន O Globo របស់ប្រេស៊ីលបានចុះផ្សាយថា អ្នកចាត់ការរបស់ក្លឹបអធិរាជស បានខលទាក់ទងទៅដោយផ្ទាល់ ទៅកាន់អតីតកូនក្រុមចាស់កាលលោកធ្លាប់ដឹកនាំនៅ Chelsea នោះគឺ David Luiz ដោយចង់នាំយកគេមកជួយបំពេញចន្លោះប្រហោងនៅតំបន់ការពារ។
Luiz ត្រូវបាន Chelsea ទិញយកកាលពីឆ្នាំ ២០១១ ហើយក៏ធ្លាប់ស្ថិតក្រោមការដឹកនាំ ដោយលោក Ancelotti ផងដែរ កាលលោកនៅចាត់ការក្លឹបតោខៀវ។ យ៉ាងណាក្រោយគេផ្ទេរទៅក្លឹបថ្មី Arsenal គេក៏ទើបតែផុតកុងត្រា ហើយឥឡូវក្លាយជាកីឡាករទំនេរជើងមិនទាន់រកឃើញកោះត្រើយច្បាស់លាស់នៅឡើយ។
ដូច្នេះហើយសម្រាប់ Ancelotti ជឿថា ខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើទើបពិតជាអាចមកជួយក្រុមបាននៅតំបន់ការពារកណ្តាល ដ្បិតអីក្នុងក្រុមពេលនេះ មានកីឡាករមួយចំនួនហើយក៏ដោយដូចជា David Alaba, Eder Militao, Nacho និង Jesus Vallejo។ ការចរចាអាចជានឹងធ្វើទៅបាននៅដើមខែមករា ឬអាចអូសបន្លាយដល់រដូវក្តៅឆ្នាំក្រោយតែម្តង។
បញ្ជាក់ថា អធិរាជសនៅក្របខ័ណ្ឌ La Liga រដូវកាល ២០២១/២២ កំពុងឈរនៅកំពូលតារាង ក្រោយ ៤ ជុំទទួលបាន ១០ ពិន្ទុ ស្មើនឹងក្លឹប Valencia ក៏ដូចជា Atletico Madrid៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក