អតីតវីរបុរសក្លឹប Liverpool លោក Jamie Carragher បានបង្ហាញការយល់ឃើញថា ការវិលត្រលប់មកវិញរបស់ Cristiano Ronaldo នៅរដូវកាលនេះ នឹងធ្វើឲ្យការលេងរបស់កីឡាករ ៤ រូប ក្លាយជាភាពមិនទៀងទាត់ ជាពិសេសក្រោយពេលលោក Ole Gunnar Solskjaer និយាយថា លោកនឹងមិនចង់ឲ្យកីឡាករណាម្នាក់ទទួលបានអារម្មណ៍ថា ខ្លួនឯងជាអ្នកទុកជំនួសគេនោះទេ។
ការលើកឡើងរបស់អ្នកចាត់ការ Man Utd កន្លងមក ធ្វើឲ្យគ្រប់គ្នាជឿថា Ole នឹងប្រើប្រាស់កីឡាករទាំងអស់ចម្រុះគ្នា តាមដែលអាចធ្វើទៅបាន គ្រាន់ថាជាមួយ Ronaldo ម្នាក់ គឺច្បាស់ណាស់នឹងបានលេងទៀងទាត់។ ឆ្លើយតបនឹងរឿងរ៉ាវនេះ លោក Carragher យល់ឃើញថា កីឡាករដែលទទួលរងឥទ្ធិពលអវិជ្ជមានខ្ពស់បំផុត ពីការឈរជើងរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ គឺរួមមាន Paul Pogba, Marcus Rashford, Jadon Sancho និង Edinson Cavani។
ប្រាប់ Sky Sports លោក Carragher និយាយ៖ "ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ Sancho គឺពេលនេះ គេត្រូវប្រជែងជាមួយ Greenwood ក្នុងការលេងនៅតំណែងស្លាបខាងស្តាំ ដែលគេចូលចិត្ត ដ្បិតអីកន្លងទៅគេបែរជាបានលេងនៅតំណែងប្រយុទ្ធស្លាបឆ្វេង ហើយត្រូវបានប្តូរចេញលឿនៗថែមទៀត ពេលក្រុមធ្លាក់មកសល់ ១០ នាក់កាលពីប្រកួតពាក់កណ្តាលសប្តាហ៍"។
លោកបន្ត៖ "ក៏មានផលលំបាកសម្រាប់ Pogba ដោយបន្ទាប់ពីគេអាចចាប់ផ្តើមលេងទល់ Wolves និង Newcastle និងមួយម៉ោងចុងក្រោយនៃពាក់កណ្តាលសប្តាហ៍ តែយើងក៏មើលឃើញគុណវិបត្តិមួយចំនួនដូចគ្នា ពាក់ព័ន្ធនឹងតំណែងបម្រើកណ្តាលរបស់គេលើទីលាន"។
"តើ Marcus Rashford អ្នកជឿថាគេអាចត្រលប់មកលេងវិញជាប់លាប់ដែរឬទេក្រោយជាពីរបួស? ហើយបន្ទាប់មកគឺ Edinson Cavani ដែល Solskjaer បាននិយាយមុននេះ ថាគាត់នឹងមិនចង់ឲ្យនរណាម្នាក់មានអារម្មណ៍ថា ពួកគេគ្រាន់ត្រឹមជាអ្នកជំនួស"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក