អតីតកីឡាករជើងចាស់លោក Diego Milito បានរិះគន់ទៅលើចំណូលថ្មីតោខៀវ Chelsea គឺ Romelu Lukaku ដែលបានក្បត់សន្យាខ្លួនឯង ផ្ទេរចេញពីទឹកដី San Siro នៅរដូវក្តៅកន្លងទៅ។
ជាការពិត Lukaku គេធ្លាប់និយាយប្រាប់កាសែតហូឡង់ច្បាស់ៗថា នឹងបន្តឈរជើងនៅ Serie A យ៉ាងហោចណាស់មួយរដូវកាលថ្មី ២០២១/២២ នេះទៀត តែចុងក្រោយក៏បានផ្ទេរចេញដោយគ្មានព្រាងទុក មកកាន់ក្លឹបចាស់ Chelsea នៅឯលីគកំពូលអង់គ្លេស។
ជុំវិញរឿងរ៉ាវនេះ បុរសវ័យ ៤២ ឆ្នាំខាងលើបាននិយាយប្រាប់ La Gazzetta dello Sport បែបនេះថា៖ "នេះជារឿងមួយដែលអ្នកមិនគួរធ្វើ គឺការដែលសន្យាហើយធ្វើមិនបាន កីឡាករដូចជា Lukaku គេអាចទៅកន្លែងណាក៏បាន តែវាជាទង្វើដែលធ្វើឲ្យអ្នកគាំទ្រមានការអាក់អន់ចិត្តជាខ្លាំង"។
លោកបន្ត៖ "កាលខ្ញុំនៅឈរជើងឲ្យ Inter មានពេលមួយខ្ញុំកៀកនឹងការផ្ទេរទៅ Real Madrid និង PSG តែពេលនោះ Inter ប្រៀបដូចជាជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅកម្រិតដ៏ខ្ពស់មួយ ដូច្នេះខ្ញុំក៏ជ្រើសរើសការបន្តនៅ ដែលចាត់ទុក Inter ដូចជាផ្ទះតែមួយគត់របស់ខ្ញុំ"។
បញ្ជាក់ថា ការត្រលប់របស់ Lukaku ទៅ Stamford Bridge អាចថាអ្នកគាំទ្រ Inter មានការមិនសប្បាយចិត្ត តែក្រឡេកទៅអ្នកគាំទ្រ Chelsea ឯណោះវិញ បានសាទរជាខ្លាំង ស្របពេលដែលគុណភាពរបស់កីឡាករបែលហ្សិកក៏នៅតែល្អ ពោលតាមរយៈការបង្ហាញខ្លួន ១១ ប្រកួតគេរកបាន ៤ គ្រាប់ និង Assist ១ លើកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក