អតីតគ្រូចាស់នៅក្លឹប Inter Milan និងជាអ្នកធ្លាប់បង្វឹកកីឡាករលេងការពារស្លាប Achraf Hakimi បានទម្លាយថា ក្លឹបក្នុងក្តីស្រមៃរបស់គេ មិនមែនជា Paris Saint-Germain ជាក្លឹបឈរជើងបច្ចុប្បន្ននោះទេ។
ផ្ទុយទៅវិញគឺជាអតីតក្លឹបចាស់ Real Madrid ដែលគេមានបំណងចង់ត្រលប់ទៅទីនោះវិញ នៅថ្ងៃណាមួយ។ អតីតកាលកីឡាករវ័យ ២២ ឆ្នាំក៏ធ្លាប់ឈរជើងនៅស្តេចសបានមួយរយៈពេលខ្លីផងដែរ តែមិនសូវបានលេងពេញលេញនោះទេ ដោយសរុប ១៧ ប្រកួត រកបាន ២ គ្រាប់និង Assist ១ លើក។
ប្រាប់ Sky Sport Italia លោក Conte មានប្រសាសន៍ថា៖ "និយាយពីផ្នែកផ្លូវចិត្ត Hakimi គេប៉ះទង្គិចអារម្មណ៍បន្តិចបន្តួចដែរ សម្រាប់ការប្រកួតទល់ Real Madrid ឆ្នាំមុន ដោយសារក្តីស្រមៃរបស់គេ គឺចង់ទៅលេងឲ្យក្លឹបនោះម្តងទៀត នាមជាកីឡាករដ៏សំខាន់មួយ"។
បញ្ជាក់ថា យុវជនសញ្ជាតិម៉ារុក បានចាកចេញពី Real Madrid នៅខែកញ្ញា ឆ្នាំ ២០២០ ដោយផ្ទេរមក Inter Milan បានមួយរដូវកាល មុនបន្តផ្ទេរទៅក្លឹប Paris Saint-Germain នៅតម្លៃខ្លួន ៦០ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក