ខ្សែការពារស្លាប Reece James របស់ក្លឹបតោខៀវ Chelsea បានបង្ហោះវីដេអូលើ Instagram ពាក់ព័ន្ធនឹងសកម្មភាព ដែលក្រុមចោរបានចូលមកលួចឥវ៉ាន់មួយចំនួនក្នុងផ្ទះរបស់ខ្លួន ហើយអ្វីដែលគេសោកស្តាយជាមួយការបាត់បង់បំផុតនោះ គឺបណ្តុំមេដាយដែលទទួលបានពីព្រឹត្តិការណ៍ Euro 2020 ក៏ដូចជានៅការឈ្នះពាន UEFA Champions League។
កីឡាករសញ្ជាតិអង់គ្លេស បានជួបហេតុការណ៍ខាងលើ កំឡុងពេលដែលគេមិនបាននៅផ្ទះ ហើយជាប់ភារកិច្ចមួយជួយ Chelsea លេងទល់ Zenit នៅការបើកឆាកពាន UCL រដូវកាលថ្មី។ គាប់ជួបពេលនោះ គ្មាននរណានៅចាំផ្ទះទេ ហើយចោរក៏លួចគាស់ចូលទៅខាងក្នុង និងបានលួចរបស់របរមួយចំនួនប្រមូលទៅក្នុងរថយន្តរបស់ពួកគេ។
បើតាមការបញ្ជាក់ពី James លើ Instagram គេបាននិយាយថា ហេតុការណ៍នោះកើតឡើងនៅល្ងាចថ្ងៃទី ១៤ កញ្ញា ដែលក្រុមចោរបានចូលមកលួច ហើយក្នុងផ្ទះ គេគ្មានរក្សាទុកគ្រឿងអលង្ការមានតម្លៃអ្វីនោះទេ តែការបាត់បង់ធំបំផុតគឺមេដាយម្ចាស់ជើងឯក Champions Leauge, Super Cup និងមេដាយប្រាក់កាលនៅ Euro 2020។
ខ្សែការពារស្លាបខាងលើ បានបង្ហាញអារម្មណ៍សោកស្តាយ ព្រោះវាជារបស់ដែលមានតម្លៃបំផុតសម្រាប់អាជីពខ្លួន ហើយពេលនេះកំពុងទទូចឲ្យប៉ូលិសឈរជើងប្រចាំតំបន់ ជួយធ្វើការតាមដាននិងកំណត់អត្តសញ្ញាណក្រុមចោរ ដើម្បីទៅយករបស់ទាំងនោះត្រលប់មកវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក