វាជាយប់ដ៏តានតឹងមួយសម្រាប់ Barcelona ដែលបរាជ័យ ៣-០ ទល់ក្លឹប Bayern Munich នៅឯទឹកដីខ្លួនឯងក្នុងប្រទេសអេស្ប៉ាញ ហើយបើតាមការចុះផ្សាយពីសារព័ត៌មាន AS បានឲ្យដឹងថា មានកីឡាករក្រុមម្ចាស់ផ្ទះ បានសម្រក់ទឹកភ្នែកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទៀតផង។
ជាមួយលទ្ធផលបរាជ័យ ៣-០ ដែលកើតឡើងបន្ទាប់ពីការចាញ់ ៨-២ កាលពីពេលមុន កីឡាករវ័យ ២៩ ឆ្នាំ Sergi Roberto លេងតំណែងការពារស្លាបស្តាំ ហាក់មិនអាចរាំងស្ទះ Leroy Sane ក៏ដូចជា Alphonso Davies នៅលើទីលានបានទាល់តែសោះ។
ប្រភពបានឲ្យដឹងថា ក្រោយពេល Roberto ត្រូវបានប្តូរចេញនៅនាទី ៥៩ ហើយត្រូវបានអ្នកគាំទ្របន្លឺសំឡេងស្រែកចំអក លោកក៏បានដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយទឹកមុខរលីងរលោង ហើយទៅសម្ងំតែម្នាក់ឯងនៅទីនោះ។
យ៉ាងណាក្រោយចប់ការប្រកួត Gerard Pique និង Sergio Busquets ដែលមានតំណែងជាប្រធានក្រុមដូចគ្នា ក៏បានមកនិយាយពាក្យលើកទឹកចិត្ត និងលួងលោម Roberto វិញ។ បញ្ជាក់ថាតាមពិតទៅ Roberto គេមានតំណែងបម្រើទេ តែដោយសារខ្វះកីឡាករទើបបង្ខំឲ្យគេលេងការពារស្លាប ហើយ Pique ក៏និយាយក្រោយចប់ការប្រកួតដែរថា គ្រប់គ្នាមិនគួររិះគន់កីឡាករអេស្ប៉ាញខាងលើទេ ព្រោះគេធ្វើគ្រប់យ៉ាងគឺដើម្បីក្លឹប៕
ប្រភព៖ SportBible