ក្លឹបបិសាចក្រហម Man Utd ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ទៅលើកីឡាករនៅក្លឹប FC Barcelona មួយរូបផ្សេងទៀត ដែលជាកីឡាកររបស់ភ្នាក់ងារលោក Jorge Mendes។ នោះគឺកំឡុងពេលតែមួយដែល បិសាចក្រហមកំពុងចរចាយក Cristiano Ronaldo ត្រលប់មក Old Trafford។
បើតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា Man Utd បានបន្ថែមការសួរនាំទៅ Mendes ដែលជាភ្នាក់ងាររត់ការ អំពីលទ្ធភាពក្នុងការចរចាយក Ansu Fati ចេញពីក្លឹប Barcelona មួយរូបបន្ថែមទៀត តែខាងភាគីក្លឹបអេស្ប៉ាញក្រោយទទួលបានដំណឹងពួកគេក៏បដិសេធភ្លាម។
ក្លឹបម្ចាស់ដី Old Trafford សម្លឹងឃើញ Fati ក៏ដោយសារសុពលភាពកុងត្រារបស់គេនៅ Camp Nou សល់តែ ១ ឆ្នាំ តែយ៉ាងណាខាងភាគីក្លឹបអាណាព្យាបាលរបស់ Fati ហាក់មិនមានបំណងលក់គេចេញឡើយ ដោយបានច្រានចោលមិនចូលពិភាក្សាអ្វីទាំងអស់។ កន្លងមកក្លឹបក៏ទើបតែផ្តល់អាវលេខ ១០ របស់ Leo Messi មកបន្តឲ្យ Fati ផងដែរ ហើយក៏ទើបតែសម្រេចការចុះហត្ថលេខាបន្តកុងត្រាថ្មីដល់ឆ្នាំ ២០២៧។
គួរបញ្ជាក់ថា យុវជនវ័យ ១៨ ឆ្នាំ គឺជាអតីតយុវជនថ្នាលនៅ Barcelona តាំងពីដំបូង ហើយបានផ្ទេរមកលេងឲ្យឈុតធំ បាន ៥១ ប្រកួតសរុប ដោយរកបាន ១៧ គ្រាប់និង Assist ៦ លើក៕
ប្រភព៖ MundoDeportivo