ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងព្រមបើកភ្លើងខៀវឲ្យ Kylian Mbappe ចាកចេញ ហើយពួកគេក៏នឹងមិនព្យាយាមអូសទាញឲ្យកីឡាករបារាំងបន្តកុងត្រាថ្មីតទៅទៀតដែរ ប្រសិនណាខាងភាគីក្លឹបអេស្ប៉ាញ Real Madrid ព្រមធ្វើតាមរឿងដែលពួកគេចង់បាន។
បើតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខាងក្លឹបដឹកនាំដោយអ្នកចាត់ការលោក Mauricio Pochettino មើលឃើញវត្តមាន Vinicius Junior ជារឿងសំខាន់សម្រាប់ក្លឹបរបស់ខ្លួន ហើយចង់ឲ្យ Real Madrid ព្រមប្រគល់កីឡាករប្រេស៊ីលរូបនេះមកទីក្រុងប៉ារីស ទើបខាងភាគីខ្លួនព្រមអនុញ្ញាតឲ្យម្ចាស់អាវលេខ ៧ Mbappe ចាកចេញទៅអេស្ប៉ាញវិញ។
យ៉ាងណាបើតាមដែលដឹង ខាងក្លឹប Real Mdarid ហាក់មិនយល់ព្រមនោះទេ ពោលទោះត្រូវចាយលុយសុទ្ធ ក៏ព្រមចាយ តែមិនមានចេតនាប្រគល់ Vinicius ដែលជាគ្រាប់ពេជ្រដ៏ល្អមួយរូប ឲ្យទៅលីគបារាំងឡើយ។
គួររំឭកថា កីឡាករវ័យ ២១ សេសសល់កុងត្រាជាមួយ Real Madrid ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ ហើយតាមហាងឆេងថ្លៃខ្លួនរបស់គេមិនជាខ្ពស់ពេកទេ ត្រឹម ៤០-៥០ លានអឺរ៉ូប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺក្លឹប Real Madrid មិនធ្លាប់មានបំណងចង់លក់គេចេញទាល់តែសោះ។ សរុបស្ថិតិបង្ហាញខ្លួន ១២៣ ប្រកួត Vinicius រកបាន ១៨ គ្រាប់និង Assist ២៤ លើកឲ្យក្លឹប៕
ប្រភព៖ Goal