នៅការប្រកួតរវាង Young Boys និង Man Utd កាលពីយប់មិញ សម្រាប់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ទាំងពីរ មាន Bruno Fernandes និង Cristiano Ronaldo ពួកគេត្រូវបានប្តូរចេញក្នុងពេលតែមួយដូចគ្នា ហើយជំនួសមកវិញដោយ Nemanja Matic និង Jesse Lingard។
ជុំវិញការប្តូរចេញនេះ លោក Ole Gunnar Solskjaer បានពន្យល់ក្រោយចប់ការប្រកួត ថាវាជាយុទ្ធសាស្រ្តដែលលោកចង់សន្សំកម្លាំងកីឡាករឆ្នើមទុកប្រកួតក្រោយ មួយផ្សេងទៀតដាក់កីឡាករលេងការពារឲ្យមកជួយទប់បន្ថែម។
បញ្ជាក់បន្តិច United ត្រូវលេង ១០ ទល់ ១១ នាក់ជាមួយ Young Boys តាំងពីកំឡុងនាទីជាង ៣០ ក្រោយ Aaron Wan-Bissaka ទទួលបានកាតក្រហម។ លោក Ole បានពន្យល់៖ "ការប្រកួតឆ្លងផុត ៧០ នាទីហើយ ដោយពួកគេ [Bruno/Ronaldo] រត់ច្រើនណាស់ តាំងពីប្រកួតថ្ងៃសៅរ៍ និងថ្ងៃនេះ ដូច្នេះហើយយើងចង់ប្រើប្រាស់បទពិសោធន៍ Nemanja និង Jesse ឲ្យមកជួយទប់បាល់វិញ"។
លោកសង្កត់ធ្ងន់៖ "យើងក៏បានមើលការលេងរបស់ Cristiano ហើយគិតថាវាជាពេលដ៏ត្រឹមត្រូវ ដែលអាចប្តូរគេចេញបាន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក