ក្លឹបតោខៀវ Chelsea ហាក់កំពុងចង់ពង្រឹងបន្ថែមនៅតំបន់ការពារក្រោម ហើយក្រោយមើលឃើញពីតម្រូវការនេះ ចំណូលថ្មី Romelu Lukaku ក៏បានបង្ហាញការផ្តល់យោបល់ទៅកាន់ថ្នាក់លើក្លឹប អំពីកីឡាករ ២ រូបដែលធ្លាប់លេងជាមួយខ្លួនកាលនៅក្លឹបចាស់ Inter Milan។
នោះគឺខ្សែការពារ Alessandro Bastoni និង Milan Skriniar ដែលបុរសសញ្ជាតិបែលហ្សិកយល់ឃើញថា ពួកគេអាចមកសហការគ្នាបានល្អនៅទឹកដី Stamford Bridge បន្ទាប់ពីទើបតែជួយក្រុមលើកពាន Serie A ដែលខកខានអស់រយៈពេលជាច្រើនឆ្នាំ។ តាមពិតទៅនេះហើយគឺជាតម្រូវការដែល Chelsea ចង់បានពិតៗ ព្រោះកន្លងមកក៏ដាក់សំណើទៅ Sevilla ចង់បានខ្សែការពារ Jules Kounde ដែរ តែមិនទទួលបានសម្រេច។
បើតាមសារព័ត៌មាន Sport Mediaset ចុះផ្សាយថា Lukaku បានណែនាំទៅកាន់ក្លឹប Chelsea ឲ្យលៃលកយក Bastoni និង Skriniar មកទាំងគូតែម្តងមក ពោលអាចបើកការចរចានៅខែមករានាទីផ្សារដោះដូររដូវរងា ឬរដូវក្តៅក្រោយបញ្ចប់រដូវកាលក៏បាន។
គួរបញ្ជាក់ថា នេះអាចជាការចរចាដ៏ស្មុគស្មាញមួយប្រសិន Chelsea ព្រមតាមសំណើ Lukaku ព្រោះអ្នកទាំងពីរខាងលើសុទ្ធតែជាកីឡាករសកម្មរបស់ Inter Milan ហើយសេសសល់កុងត្រារយៈពេលយូរដល់ឆ្នាំ ២០២៣ និង ២០២៤ ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក