តើអ្នកចាប់អារម្មណ៍ទេ ពីចំណុចមួយទាក់ទងនឹងការលេងលើទីលាន សម្រាប់ការឈរជើងឲ្យក្លឹប Juventus ចន្លោះឆ្នាំ ២០១៨ ដល់ ២០២១ គឺតារាឆ្នើម Cristiano Ronaldo តែងតែបដិសេធដាច់ខាត មិនចង់លេងឲ្យតំណែងប្រយុទ្ធកណ្តាលនោះទេ។
ប៉ុន្តែពេលមកដល់ក្លឹប Man Utd សារនេះ លោកគឺជាកីឡាករដែលមានអាទិភាពក្នុងការសម្រេចចិត្តជាមួយលោក Ole Gunnar Solskjaer តែសាមីខ្លួនបែរជាមិនស្ទាក់ស្ទើរទាល់តែសោះ ក្នុងការជ្រើសរើសតំណែងប្រយុទ្ធកណ្តាល។
តាមការលើកឡើងរបស់អតីតខ្សែបម្រើនៅសេះបង្កង់លោក Marocchi ក៏បានមើលឃើញដូចគ្នាថា៖ "ខ្ញុំកត់សម្គាល់ឃើញ Ronaldo គេលេងតំណែងប្រយុទ្ធកណ្តាលពេលប្រកួតទល់ Newcastle ដោយនេះជារឿងមួយដែលគេបានបដិសេធ មិនព្រមធ្វើតាមគ្រូបង្វឹកនោះទេកាលនៅក្លឹប Juventus"។
ពាក់ព័ន្ធនឹងរឿងនេះ សាមីខ្លួន Ronaldo ផ្ទាល់ក៏មិនទាន់ចេញមកបកស្រាយនោះដែរ តែតាមមតិអ្នកជំនាញវិភាគជាច្រើន និយាយដូចគ្នាថា ដោយសារកីឡាករព័រទុយហ្គាល់ ទុកចិត្តលើប្រព័ន្ធបម្រើ និងស្លាបសងខាងរបស់ក្លឹបថ្មី ច្រើនជាងក្លឹបចាស់ ហើយជឿថាមិត្តរួមក្រុមនៅ Old Trafford ប្រាកដណាស់ នឹងអាចចូលរួមបង្កើតឱកាសឲ្យមកខ្លួនបានច្រើន ខុសពីកាលនៅ Juventus គឺលោកមិនជាទុកចិត្តមិត្តរួមក្រុមនោះទេ ហើយស៊ូព្យាយាមបង្កើតឱកាសនិងស្វែងរកផ្លូវស៊ុតដោយខ្លួនឯង ច្រើនជាងចាំគេកាត់បាល់ឲ្យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក