តារាឆ្នើម Cristiano Ronaldo ដូចអ្នកបានដឹងស្រាប់ហើយ ពីទម្លាប់នៃការរស់នៅប្រចាំថ្ងៃ គឺលោកអនុវត្តបានយ៉ាងល្អខ្ជាប់ខ្ជួនហើយមិនងាយមានកីឡាករណាធ្វើបានដូចលោកនោះឡើយ។ យ៉ាងណាការមកដល់ Man Utd សារនេះ តារាឆ្នើមវ័យ ៣៦ ឆ្នាំ ហាក់ជះឥទ្ធិពលវិជ្ជមានដល់មិត្តរួមទ្រនំជាច្រើនចំណុច ជាក់ស្តែងកុំថាឡើយ តែរបៀបនៃការទទួលទាន។
តាមការបញ្ជាក់ពីអ្នកចាំទី Lee Grant និយាយថា ជាធម្មតាក្រោយទទួលទានអាហារពេលល្ងាចជុំគ្នារួច តែងតែមានហើយកីឡាករខ្លះលូកនំនែករបស់នេះ របស់នោះ ដែលជាអាហារសម្រន់ ហើយមិនសូវល្អសម្រាប់សុខភាពឡើយ។ តែក្រោយពេល CR7 មកដល់ របៀបនៃការទទួលទានគឺខុសពីពេលមុន ពោលកីឡាករនៅតុមូលទាំងអស់ លែងហ៊ានលូកវាតទៅទៀតហើយ។
ប្រាប់ទៅកាន់ talkSPORT លោក Grant និយាយ៖ "ខ្ញុំមិននិយាយច្រើនអ្វីដែលគាត់ជជែកនៅតុអាហារទេ តែចំណុចគួរឲ្យចាប់អារម្មណ៍មួយគឺត្រង់ថា ពេលនៅអាហារពេលល្ងាចជុំគ្នានៅឯសណ្ឋាគារកាលពីថ្ងៃសុក្រ ពេលម្នាក់ៗទទួលទានអាហារពេលល្ងាចរួច ជាធម្មតាគឺមានអ្នកដែលចង់ទទួលទានអាហារសម្រន់បន្ថែមពីនោះហើយ"។
លោកបន្ត៖ "ខ្ញុំប្រាប់អ្នកទៅចុះ យើងមាននំ Apple crubmle, brownie ក៏ដូចជាអាហារដែលមាន Cream មួយចំនួន តែគ្មាននរណាហ៊ានលូកអាហារទាំងនោះទេ ព្រោះអីពួកគេសម្លឹងទៅមើលចានរបស់ Cristiano ថាមានអ្វីខ្លះ ហើយសុទ្ធតែជាអាហារសុខភាព ដែលសម្រាប់យើងអាចនឹងពិបាកលេបបន្តិច តែពេលនោះគឺគ្មានសូម្បីតែម្នាក់ដែលក្រោកឈរឡើង ហើយលូកអាហារសម្រន់ដែលមានលើតុ អ៊ីចឹងយើងក៏ដកវាចេញពីតុទៅ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក