អតីតជើងចាស់លោក Gary Neville បានបង្ហាញការយល់ឃើញ ពីឈ្មោះក្លឹបមួយនៅ Premier League ដែលយល់ឃើញថា ពិតជាពិបាកនឹងបញ្ឈប់ ពោលគិតថាពួកគេមានសង្ឃឹមអាចឈ្នះពានរង្វាន់ច្រើននៅរដូវកាលនេះ តែមិនមែនជា Man Utd។
ផ្ទុយទៅវិញនោះគឺ Chelsea ដែល ៤ ជុំដំបូងឈ្នះ ៣ ស្មើ ១ ហើយស្មើនោះលេងស្មើ Liverpool ជាក្រុមខ្លាំង។ បច្ចុប្បន្នក្លឹបដឹកនាំដោយអ្នកចាត់ការលោក Thomas Tuchel មាន ១០ ពិន្ទុឈរកំពូលតារាង ស្មើកម្រិតរបស់ Liverpool និង Man Utd។
កន្លងទៅនេះ លោក Neville និយាយ៖ "ពេលខ្ញុំទៅមើលប្រកួត Chelsea-Villa គឺខាង Villa លេងល្អហើយ តែនេះ Chelsea ជាថ្មីម្តងទៀត ពួកគេនៅតែដូចជាមនុស្សយន្ត ពិតជាមិនធម្មតា ដោយគ្រាប់បាល់ដំបូងរបស់ Lukaku ខ្ញុំលាន់មាត់ថាវាពិតជាគួរឲ្យស្ញប់ស្ញែង ដោយគេជាខ្សែប្រយុទ្ធដែលអាចធានាការរកគ្រាប់បាល់ ហើយកីឡាករនៅពីក្រោយគេ សុទ្ធតែជាខ្សែបម្រើល្អ និយាយទៅ Chelsea កំពុងក្លាយជាក្រុមដែលពិតជាពិបាកនឹងបញ្ឈប់"។
លោកបន្ត៖ "យើងនិយាយអំពី Manchester City ក្រុមរបស់លោក Pep Guardiola ក្រុម Man Utd មាន Cristiano Ronaldo តែ Chelsea ពេលនេះខ្ញុំគិតថាគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ខ្លាំង យើងមើលពួកគេលេងប៉ុន្មានប្រកួតដំបូងនេះ ជាពិសេសពេលប៉ះ Liverpool នៅ Anfield វាជាការបង្ហាញទម្រង់លេងដ៏ល្អពិតប្រាកដ អ៊ីចឹងចាំមើលពេលប៉ះ Tottenham ក្រៅដីសប្តាហ៍ក្រោយ នឹងកាន់តែល្អមើល"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក