ក្លឹបតោខៀវ Chelsea បានយកឈ្នះ ៣-០ ទៅលើ Aston Villa ហើយម៉ាស៊ីនបញ្ចប់ទីថ្មី Romelu Lukaku ក៏អាចរកបាន ២ គ្រាប់ផងដែរ វាជួនពេលដែល Cristiano Ronaldo រកបាន ២ គ្រាប់ដូចគ្នាឲ្យ Man Utd យកឈ្នះទៅលើ Newcastle នៅយប់តែមួយ។
ក្រោយចប់ការប្រកួត លោក Thomas Tuchel ជាអ្នកចាត់ការក្លឹប Chelsea បាននិយាយអំពីស្ថានភាពក្លឹប ក៏ដូចជាឆ្លើយតបទៅនឹងសំណួរដែលគេលើកឡើងថា Lukaku នឹងអាចរកបានគ្រាប់បាល់ច្រើនជាង Ronaldo ឬបែបណា?
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់និយាយ៖ "ខ្ញុំមិនសូវខ្វល់ពីរឿងហ្នឹងទេ ដរាបណា Lukaku នៅតែរកបាល់គ្រាប់បាល់បន្តបន្ទាប់ឲ្យពួកយើង ស្មោះត្រង់ទៅ ខ្ញុំដឹងថាអ្នករាល់គ្នាចង់បានចម្លើយនៃសំណួរខាងលើពីខ្ញុំ តែសោកស្តាយ ខ្ញុំមិនអាចឆ្លើយបានឡើយ ដោយសំខាន់គឺ Lukaku ពិតជាធ្វើបានល្អសម្រាប់ក្រុមនៅថ្ងៃនេះ ហើយវាជាអ្វីដែលយើងសម្លឹងចង់បាន"។
លោកបន្ត៖ "Lukaku ចង់រកគ្រាប់បាល់ឲ្យ Chelsea ជួយក្រុមតាមរយៈគ្រាប់បាល់របស់គេ ដូចអ្វីដែលគេបានបង្ហាញចេញមក ហេតុហ្នឹងហើយទើបគេឈរជើងនៅទីនេះ គេក៏មិនខ្មាសអៀននោះដែរ ក្នុងការបង្ហាញពីមហិច្ឆតា ពីជំនឿជឿជាក់ទាំងឡាយ"។
បញ្ជាក់ថា Man Utd គិតត្រឹមជុំទី ៤ មាន ១០ ពិន្ទុស្មើ Chelsea កំពុងឈរនៅកំពូលតារាង Premier League។ ធៀបនឹងក្រុមការពារជើងឯក Man City គឺក្រុមទាំងពីរខាងលើបាននាំមុខ ១ ពិន្ទុបណ្ដោះអាសន្ន៕
ប្រភព៖ Sportskeeda