ប្រកួតបើកឆាកនៅការបង្ហាញខ្លួនឲ្យក្លឹប Man Utd តារាឆ្នើម Cristiano Ronaldo ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ដោយលោកអាចរកបាន ២ គ្រាប់ម្នាក់ឯង នៅជ័យជម្នះ ៤-១ ទៅលើក្រុមសារិកាព្រៃ Newcastle United។
ក្រោយចប់ការប្រកួត បើផ្អែកតាមការវាយតម្លៃពីគេហទំព័រ WhoScored បានជ្រើសរើសឈ្មោះ Ronaldo ឲ្យឈ្នះ MOTM មាន ៨,៦ ពិន្ទុខ្ពស់ជាងគេបង្អស់ តាមពីក្រោយដោយ Paul Pogba មាន ៨,១ ពិន្ទុ Bruno Fernandes មាន ៧,៩ ពិន្ទុ ហើយ Luke Shaw មាន ៧,៦ ពិន្ទុ។
មូលហេតុដែល CR7 ឈ្នះ MOTM ក្រៅពីការបញ្ចប់ទី ២ គ្រាប់ដ៏ល្អនោះហើយ បើយើងទៅមើលស្ថិតិជារួម លេងពេញតង់ ៩០ នាទី សម្រាប់ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ គេមានអត្រាបញ្ជូនបាល់ជោគជ័យដល់ទៅ ៨៧ ភាគរយ មានចំណែកគ្រប់គ្រងបាល់សរុប ៤,៣ ភាគរយ ហើយអាចស៊ុតចេញពីជើងរបស់លោកផ្ទាល់ដល់ទៅ ៦ លើក។
បើទៅមើលស្ថិតិជារួម នៃក្រុមបិសាចក្រហម គឺស៊ុត ២១ លើក គ្រប់គ្រងបាល់ ៦៤,១ ភាគរយ រីឯខាង Newcastle ក៏មានឱកាសវាយបកមួយសារៗដែរ តែខាងតំបន់ប្រយុទ្ធធ្វើមិនសូវបានល្អ និងរមែងទទួលបានការរាំងស្ទះពីប្រព័ន្ធការពាររបស់ក្រុមម្ចាស់ផ្ទះ។ ចំពោះអ្នកចាំទីនៃក្រុមទាំងសងខាងគឺសង្រ្គោះបាល់ ២ លើកស្មើគ្នា តែ Woodman របស់សារិកាព្រៃ រាងហត់ជាង de Gea របស់ United៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក