ទាំង Miralem Pjanic និង Lionel Messi សុទ្ធសឹងជាកីឡាករដែលបានចាកចេញពីក្លឹប Barcelona នៅរដូវក្តៅ ដោយ Messi ផ្ទេរទៅ PSG ក្រោយចប់កុងត្រា ហើយ Pjanic ផ្ទេរទៅ Besiktas នៅឯទួរគីក្នុងលក្ខខណ្ឌខ្ចីជើង។
យ៉ាងណាថ្មីៗនេះ គេសង្កេតឃើញខ្សែបម្រើសញ្ជាតិបូស្នី បាននិយាយពាក្យផ្លែផ្កាទៅគ្រូចាស់លោក Ronald Koeman ជារឿយៗ ហើយពេលនេះក៏លាយឡំជាមួយទាំងឈ្មោះ Messi ថាមូលហេតុដែលខ្លួនមិនត្រូវបានលោក Koeman ដាក់ឲ្យចូលលេងដូចកីឡាករដទៃ ក៏ជាសំណួរគ្មានចម្លើយដែល Messi ផ្ទាល់ឆ្ងល់ផងដែរ។
ប្រាប់កាលពីពេលកន្លងទៅ អតីតខ្សែបម្រើនៅ Juve និយាយ៖ "ក្លឹប Besiktas ចង់បានខ្ញុំខ្លាំងណាស់នៅប៉ុន្មានថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ ដូច្នេះខ្ញុំមិនអាចជ្រើសរើសការបន្តនៅ Barcelona បានទៀតទេ ព្រោះអីជាមួយលោក Koeman នឹងធ្វើឲ្យខ្ញុំខាតបង់ពេលវេលាមួយឆ្នាំទៀត"។
លោកបន្ត៖ "Koeman អាកប្បកិរិយារបស់គាត់មកលើខ្ញុំ គឺគ្មាននរណាអាចយល់បាននោះទេ ដោយសូម្បីតែ Messi ផ្ទាល់ កាលពីឆ្នាំទៅ ក៏គាត់សួរខ្ញុំប៉ុន្មានសារដែរ តែហេតុអ្វីបានជា Koeman មិនដាក់ឲ្យខ្ញុំបានចូលលេង តើមានរឿងអីនៅពីក្រោយហ្នឹងមែនទេ"។
បញ្ជាក់ថា កីឡាករវ័យ ៣១ ឆ្នាំ ក៏ត្រូវបានក្លឹប Barca ចាយលុយក្រាស់ក្រែលដែរ លើការដោះដូរយកចេញពី Juventus ប៉ុន្តែក្រឡេកទៅមើលស្ថិតិរដូវកាលមុន គេមិនរបួសអ្វីសោះ តែជាប់ឈ្មោះត្រឹមកីឡាករបម្រុង ហើយឈរជើងមិនដល់ ១ ៥០០ នាទីផង ខណៈដែលកីឡាករភាគច្រើន ជាមធ្យមក៏បានលើ ២ ០០០ នាទីដែរ៕
ប្រភព៖ Football-Espana