Zlatan Ibrahimovich ដ្បិតបើជាម៉ាស៊ីនបញ្ចប់ទីដ៏សកម្មមួយក្នុងពិភពបាល់ទាត់ ដោយ ៧៨៨ ប្រកួត រកបាន ៤៨៤ គ្រាប់និង Assist ១៩៣ លើក តែបើនិយាយពីពានរង្វាន់ខ្នាតធំ ដូចជា Champions League, Ballon d'Or ឬសូម្បីពាននៅជម្រើសជាតិ គឺលោកមិនដែលស្គាល់រសជាតិហ្នឹងគេនោះទេ។
បង្ហាញការយល់ឃើញកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធក្លឹប AC Milan បាននិយាយយ៉ាងឡូយអំពីការខកខានលើកពានរង្វាន់ទាំងអស់នោះ ដូច្នេះថា៖ "ខ្ញុំមិនបាននឹកនា Ballon d'Or អ្វីទេ គួរតែ Ballon d'Or ទេ ដែលត្រូវនឹកនាដល់ខ្ញុំ ជាការពិតយើងចង់បានពានរង្វាន់ទាំងអស់ ដើម្បីឲ្យគេនិយាយថាយើងជាកីឡាករល្អបំផុតក្នុងលោក"។
លោកបន្ត៖ "តែយ៉ាងណាគិតស៊ីជម្រៅទៅ ខ្ញុំគិតថា ខ្ញុំគឺជាកីឡាករល្អបំផុតក្នុងលោក ខ្ញុំមានអាទិភាពអាចទទួលយកបានវា តែគ្រប់យ៉ាងគឺអ្នកបោះឆ្នោតជាអ្នកសម្រេច ដោយឡែកជាមួយពាន UCL ការដែលខ្ញុំមិនបានឈ្នះ ក៏មិនមានន័យថា វានាំឲ្យខ្ញុំក្លាយជាកីឡាករលេងអន់អ្វីនោះដែរ ហើយបើនិយាយពីពាន World Cup ប្រសិនខ្ញុំស្ថិតក្នុងក្រុមមាន់គកបារាំង ម្ល៉េះប្រហែលខ្ញុំងាយឈ្នះវាជាងការដែលខ្ញុំនៅជម្រើសជាតិស៊ុយអែត"។
បញ្ជាក់ថា ក្នុងអាជីពរបស់កីឡាករវ័យ ៣៩ ឆ្នាំ គេធ្លាប់តែឈ្នះពានប្រចាំលីគកំពូលអេស្ប៉ាញ អ៊ីតាលី បារាំង ហូឡង់ និងពានប្រចាំតំបន់អឺរ៉ុប មានតែ Europa League ប៉ុណ្ណោះ ដែលធំជាងគេ៕
ប្រភព៖ AF