ក្លឹបបារាំង Paris Saint-Germain ហាក់មិនចង់បាត់បង់វត្តមានតារាឆ្នើម Kylian Mbappe ទាល់តែសោះ ខណៈដែលពេលចុងក្រោយក្លឹប Real Madrid តាមចរចាឥតឈប់ ហើយជាពិសេសកៀកនឹងកុងត្រាគេត្រូវផុតនៅចុងបញ្ចប់រដូវកាលផង ក៏នាំឲ្យក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីសកាន់តែមានក្តីកង្វល់។
ក្លឹបបានប្រើប្រាស់អស់យុទ្ធវិធីក្នុងការបញ្ចុះបញ្ចូលឲ្យ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំព្រមទទួលយកកុងត្រាថ្មី ហើយបើទោះបីក្លឹបព្រមចាយលុយក្រាស់ក្រែលក៏ដោយ តែសាមីខ្លួនហាក់មើលឃើញ ការសម្រេចចិត្តផ្ទេរទៅក្លឹប Real Madrid ច្រើនជាងការបន្តនៅ។
យ៉ាងណាបើតាមសារព័ត៌មាន Marca បានឲ្យដឹងថា ប្រធានក្លឹប PSG បានទាក់ទងទៅប្រធានាធិបតីប្រចាំផ្ទៃប្រទេសបារាំងគឺលោក Emmanuel Macron ឲ្យព្យាយាមជួយផ្ញើសារជាលក្ខណៈបុគ្គលទៅកាន់ Mbappe ផ្ទាល់ ពោលជួយបែបណាឲ្យកីឡាកររូបនេះ ព្រមបន្តឈរជើងនៅទីក្រុងប៉ារីស។
ដោយឡែកប្រភពពីសារព័ត៌មាន Mirror របស់អង់គ្លេសក៏ចុះផ្សាយស្រដៀងគ្នាថា ការជជែករវាង Macron និង Mbappe នឹងនៅតែបន្ត ជួនពេលដែលគេត្រូវមានភារកិច្ចជួយជម្រើសជាតិបារាំងលេងនៅ World Cup ឆ្នាំក្រោយផង។ បារាំងពិតណាស់ត្រូវការកីឡាករមានឥទ្ធិពលដូចជាកីឡាករ PSG រូបនេះ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Mbappe បានផ្ទេរមកចូលរួមនៅ PSG រយៈពេលជាង ៤ ឆ្នាំមកហើយ បើរាប់ទាំងលក្ខខណ្ឌខ្ចីជើង ហើយគេចាយពេលសរុបឲ្យក្លឹប ១៧៥ ប្រកួត រកបាន ១៣៥ គ្រាប់និង Assist ៦៣ លើក តែមិនទាន់ស្គាល់រសជាតិឈ្នះពាន UEFA Champions League នៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក