កំឡុងទីផ្សារដោះដូររដូវកន្លងទៅ តាមថាក្លឹបតោខៀវ Chelsea បានដាក់គោលដៅទៅលើកីឡាករជាច្រើន តែចុងបញ្ចប់ក៏សម្រេចបានខ្លះ ហើយខ្លះក៏អត់ តែជំនួសមកវិញដោយកីឡាករគោលដៅផ្សេង។
ក្នុងចំណោមនោះ អ្នកចាត់ការតោខៀវ លោក Thomas Tuchel បានសារភាពថា ខ្សែការពារកណ្តាលសញ្ជាតិបារាំង Jules Kounde ពិតជាស្ថិតក្នុងក្រសែភ្នែកនៃការចង់បានរបស់លោកពិតមែន តែក្លឹបចរចាមិនត្រូវរ៉ូវ។
ខ្សែការពារវ័យ ២២ ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Sevilla ត្រូវបានក្លឹប Chelsea តាមយកច្រើនសប្តាហ៍នៅកំឡុងទីផ្សារដោះដូររដូវក្តៅ ពោលក្នុងពេលតែមួយដែលតាមចរចា Saul Niguez ចេញពី Atletico Madrid។ លោក Tuchel និយាយ៖ "វាច្បាស់ណាស់ដែលយើងបានព្យាយាមចង់បាន Kounde និង Saul តែវាយឺតពេល ហើយណាមួយខ្ញុំផ្តោតលើការហ្វឹកហាត់នៃក្រុមទាំងមូលពេញទំហឹង"។
លោកបន្តថា៖ "ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំរីករាយ បើទោះយកកីឡាករមួយចំនួនចូលក្លឹបមិនបាន ដោយយើងនឹងស្វែងរកដំណោះស្រាយ ហើយជំរុញកីឡាករក្នុងក្រុមតាមដែលអាចទៅរួច"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក