កាលពីឆ្នាំ ២០១៩ អតីតវីរបុរសបាល់ទាត់លោក Pele បានបង្ហាញការយល់ឃើញ ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកគាំទ្រមួយចំនួន ដែលប្រៀបធៀបខ្លួនជាមួយនឹង Lionel Messi ថាវាជារឿងដែលមិនគួរកើតឡើង ព្រោះលោកយល់ឃើញថា Diego Maradona និងលោកផ្ទាល់ គឺល្អជាងបើធៀបនឹងម្ចាស់ពាន Ballon d'Or ៦ សម័យកាល។
ត្រលប់ទៅបទសម្ភាសន៍ចាស់មួយ អតីតខ្សែប្រយុទ្ធនៅក្លឹប Santos និយាយ៖ "តើអ្នកអាចប្រៀបធៀបរវាងកីឡាករដែលប្រើប្រាស់ក្បាលបានល្អ ស៊ុតដោយប្រើជើងទាំងសងខាងបានល្អ ជាមួយកីឡាករដែលចេះស៊ុតប្រើជើងតែម្ខាង មានជំនាញតែមួយ ហើយប្រើក្បាលតែតមិនបានល្អ បានដោយរបៀបណា"។
លោកបន្ត៖ "អ្នកប្រៀបធៀបយ៉ាងម៉េចទៅកើត? ចង់ធៀបជាមួយ Pele លុះត្រាម្នាក់ហ្នឹងអាចស៊ុតដោយប្រើជើងទាំងឆ្វេង និងស្តាំយ៉ាងជំនាញ ហើយអាចរកគ្រាប់បាល់ដោយប្រើប្រាស់ការតែតបញ្ចូលទី"។
គួរបញ្ជាក់ថា យ៉ាងណាបើយើងមកមើលស្ថិតិបច្ចុប្បន្ន សម្រាប់ការលេងឲ្យជម្រើសជាតិក្តី និងនៅក្លឹបក្តី គឺ Messi ជាអ្នកនាំមុខ Pele ទៅវិញទេ ដោយនៅជម្រើសជាតិ Messi រកបាន ៧៩ គ្រាប់ហើយ ខណៈដែល Pele មាន ៧៧ គ្រាប់។ ទៅមើលការលេងឲ្យក្លឹប បើនិយាយនៅក្លឹបទោល Messi រកបាន ៦៧២ គ្រាប់កាលនៅ Barcelona ហើយ Pele រកបាន ៦៤៣ គ្រាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក