ក្លឹបហង្សក្រហម Liverpool និងមេឃខៀវ Manchester City ហាក់កំពុងមានផែនការណ៍ក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនដូចគ្នា ដោយតាមដំណឹងចុងក្រោយពួកគេកំពុងមើលឃើញខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Bayern Munich។
នោះគឺកីឡាករវ័យ ២៥ ឆ្នាំ Kingsley Coman ដែលជាតារាឆ្នើមរកបានគ្រាប់បាល់ជ័យជម្នះឲ្យ Bayern Munich លើកពាន UEFA Champions League រដូវកាល ២០១៩/២០។ បច្ចុប្បន្នសុពលភាពកុងត្រារបស់ Coman នៅសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ហើយតាមដឹងសាមីខ្លួនគេមិនព្រមបន្តកុងត្រាថ្មីនោះទេ ទើបនាំឲ្យមានក្លឹបធំៗបង្ហាញការចាប់អារម្មណ៍ដូច្នេះ។
បើតាមសារព័ត៌មាន le10sport បានចុះផ្សាយ Coman ទំនងជាពេញចិត្តការផ្ទេរទៅក្របខ័ណ្ឌ Premier League នៅឯអង់គ្លេសដូចគ្នា នារដូវក្តៅឆ្នាំក្រោយ ២០២២ ហើយពេលនេះមានក្លឹបធំ ២ គឺ Liverpool និង Mna City កំពុងបង្ហាញការចាប់អារម្មណ៍ និងរៀបចំឯកសារចរចាឆាប់ៗខាងមុខ។
គួររំឭកថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង គេរកបាន ៤១ គ្រាប់និង Assist ៥០ លើកនៅការបង្ហាញខ្លួនសរុប ២០៣ ប្រកួតឲ្យ Bayern Munich។ បើទៅមើលហាងឆេងថ្លៃខ្លួនរបស់គេ ប្រសិនស្ថិតនៅកម្រិតដូចបច្ចុប្បន្ន នោះអាចជាមានតម្លៃខ្លួនល្បាក់ចន្លោះពី ៦០ ទៅ ៧០ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក