ក្របខ័ណ្ឌកំពូលអេស្ប៉ាញនៅរយៈពេលជាង ៤ ឆ្នាំចុងក្រោយ បានបាត់បង់ជាបន្តបន្ទាប់នៅតារាឆ្នើមលំដាប់កំពូលដល់ទៅ ៣ រូប ដំបូងឡើយគឺ Neymar ផ្ទេរទៅលីគបារាំង បន្ទាប់មក Cristiano Ronaldo ផ្ទេរទៅលីគអ៊ីតាលី (បច្ចុប្បន្ននៅលីគអង់គ្លេស) និងចុងក្រោយនេះគឺ Leo Messi ផ្ទេរទៅលីគបារាំងរួមក្លឹប PSG ជាមួយកីឡាករប្រេស៊ីល។
យ៉ាងណាប្រធាន La Liga លោក Javier Tebas នៅតែប្រកាន់ខ្ជាប់គោលជំហរវិជ្ជមានថា ក្របខ័ណ្ឌកំពូលអេស្ប៉ាញ មិនមានផលប៉ះពាល់អ្វីក្រោយការចាកចេញរបស់តារាឆ្នើមទាំង ៣ ខាងលើនោះទេ ព្រោះពួកគេក៏នៅមានយុវជនកំពូលដូចជា Vinicius Junior របស់ក្លឹប Real Madrid នៅបន្តឈរជើងផងដែរ។
លោក Tebas និយាយ៖ "មិនមានអ្វីដែលត្រូវបារម្ភនោះទេ ដ្បិតបើកីឡាករដូចជា Messi, Cristiano Ronaldo និង Neymar គេដើរចេញពីលីគរបស់យើង ដោយយើងក៏នៅមានកីឡាករក្មេងៗឯទៀតដូចជា Vinicius កំពុងបន្តឈរជើងដែរ"។
គួររំឭកថា យុវជនវ័យ ២១ ឆ្នាំរបស់ក្លឹបអធិរាជស គេបានចាយពេលឲ្យក្លឹបសរុប ១២១ ប្រកួត រកបាន ១៧ គ្រាប់និង Assist ២៣ លើក។ សម្រាប់សប្តាហ៍ថ្មីៗនេះ Madrid ត្រូវប៉ះ Celta Vigo មុនហោះទៅតតាំង Inter Milan នៅជំនួបជុំទី ១ វគ្គចែកពូល UCL។ លើកចុងក្រោយដែលក្លឹបនៅអេស្ប៉ាញលើកពានរង្វាន់អឺរ៉ុប គឺនៅឆ្នាំ ២០១៨៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក