នៅការប្រកួតវគ្គជម្រុះបឋមជុំទី ៦ រវាងក្រុមជម្រើសជាតិប៉ូឡូញ និងអង់គ្លេស បានបញ្ចប់ក្រោមលទ្ធផល ១-១ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺក្រុមតោកំណាចលេងពេញ ៩០ នាទី អត់ប្តូរកីឡាករសូម្បីម្នាក់។ នេះបានគាស់កំណត់ត្រាចាស់ដែលខកខានកើតមានតាំងពីឆ្នាំ ១៩៩៦ សម្រាប់ក្រុមអង់គ្លេស។
ពាក់ព័ន្ធនឹងការមិនប្តូរកីឡាករសារនេះ អ្នកគាំទ្របានរិះគន់ខ្លាំងទៅលើចំណាត់ការរបស់ Gareth Southgate ថា ហេតុអ្វីលេងបែបហ្នឹង កីឡាករបម្រុងសុទ្ធតែល្អគួរជើងគ្នា បែរជាទុកចោល ហើយលេង ១១ រូបលើទីលាន ពេញ ៩០ នាទី ហើយមិនបានជ័យជម្នះថែមទៀត។ ទៅមើលខាងក្រុមគេប៉ូឡូញ ប្តូរចេញដល់ទៅ ៥ រូបពេញឯណោះ។
យ៉ាងណាក្រោយចប់ការប្រកួត លោក Southgate បានពន្យល់ថា វាជាយុទ្ធសាស្រ្ត ដែលលោកមើលឃើញថាកូនក្រុមអាចគ្រប់គ្រងការប្រកួតទាំងមូលបាន ដូច្នេះមិនគួរផ្លាស់ប្ដូរឡើយ។ ប្រាប់ ITV បុរសវ័យ ៥១ ឆ្នាំនិយាយ៖ "ក៏ដោយសារតែពួកយើងអាចគ្រប់គ្រងការប្រកួតទាំងមូលបានពេលនោះ ដូច្នេះបើយើងប្តូរ វាអាចនឹងធ្វើឲ្យមានការរាំងស្ទះ ក្នុងការពង្រឹងការលេងទាំងមូល"។
លោកសង្កត់ធ្ងន់៖ "មិនមែនខ្ញុំមិនចង់ប្តូរទេ តែវាមិនងាយនោះទេ ការដែលទាញកីឡាករបម្រុងមកប្រើ កំឡុងពេលយើងស្ថិតក្នុងស្ថានភាពដែលកីឡាករទាំងអស់អាចគ្រប់គ្រងការប្រកួតបានទាំងស្រុងហើយនោះ"។
រំឭកថា អង់គ្លេសនឹងត្រូវឆ្លងកាត់ការប្រកួត ២ ផ្សេងទៀតនៅខែតុលាខាងមុខ ដោយមានការប៉ះអង់ដូរ៉ា និងហុងគ្រី។ បច្ចុប្បន្នក្នុងពូល I សម្រាប់ការជម្រុះនៅតំបន់អឺរ៉ុប អង់គ្លេសឈរលេខ ១ មាន ១៦ ពិន្ទុ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក