ទារកក្នុងផ្ទៃ ចាប់ផ្តើមអភិវឌ្ឍរាងកាយ និងដំណើរការខួរក្បាលរបស់ពួកគេតាំងពីនៅក្នុងផ្ទៃ មិនមែនក្រោយកើតមកនោះទេ។ ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពេលវេលា ៥ លើក ដែលទារកក្នុងផ្ទៃរមែងបញ្ចេញសកម្មភាពដូចជាធាក់ពោះម្តាយខ្លាំងបំផុត ហើយក្នុងពេលវេលាខ្លះអ្នកត្រូវតែនិយាយទៅកាន់ពួកគេ ប្រៀបដូចជាការឆ្លើយឆ្លងដើម្បីឲ្យពួកគេកាន់តែមានភាពឈ្លាសវៃតាំងពីក្នុងពោះម្តាយ៖
៥) បន្ទាប់ពីទទួលទានអាហារ
នេះគឺជាពេលវេលាដែលទារកបម្លាស់ទីច្រើននៅក្នុងស្បូន ព្រោះវាជាពេលដែលជាតិស្ករក្នុងឈមារបស់ម្តាយកើនឡើង ហើយជាពេលដែលទារកត្រូវស្រូបយកអាហារូបត្ថម្ភ។ អ្នកអាចសាកល្បងបាន ដោយនៅពេលអ្នកទទួលទានទឹកផ្លែឈើស្រស់មួយកែវ នោះនឹងមានអារម្មណ៍ថាទារកកំពុងរើខ្លួនហើយ។
បញ្ជាក់ ស្រ្តីពពោះមិនគួរទទួលទានភេសជ្ជៈដែលមានជាតិកាបូន និងទឹកផ្លែឈើកំពុងដែលគេធ្វើស្រាប់នោះតេ គួរតែទទួលទានទឹកផ្លែស្រស់ ព្រោះវាមានជាតិស្ករធម្មជាតិទាប ដែលល្អចំពោះទារកក្នុងផ្ទៃ។
៤) មុនពេលគេង
នៅពេលម្តាយចាប់ផ្តើមរាងកាយលែងសកម្ម មានន័យថា ទម្រេតខ្លួនចង់ចូលគេង ពេលខ្លះទារកពួកគេមានអារម្មណ៍ធុញទ្រាន់នៅមិនសុខ ដូច្នេះគឺរើខ្លួនរហូត ប្រៀបដូចមានន័យថា ពួកគេមិនទាន់ចង់គេងទេ ហើយចង់មានទំនាក់ទំនងជាមួយម្តាយ។ នៅពេលនេះស្រ្តីពពោះ នឹងចាប់ទទួលបានអារម្មណ៍កាន់តែដូចមានទំនាក់ទំនងជាមួយទារកក្នុងផ្ទៃ។
៣) នៅពេលផ្នែកពោះត្រូវបានប៉ះពាល់
ពេលនរណាមកប៉ះ ឬអង្អែលថ្នមៗលើពោះរបស់អ្នក ពេលនោះនឹងបណ្តាលឲ្យទារកមានប្រតិកម្មឆ្លើយតបមកវិញ។ ឬក៏ពេលខ្លះឪពុកមកត្រដុសថើបអង្អែលពោះ ក៏មានអារម្មណ៍ដូចជាទារកធាក់មកវិញ ពេលវេលានេះអ្នកគួរចាប់ផ្តើមរៀននិយាយបណ្តើរៗទៅកាន់ពួកគេ គឺល្អបំផុត។
២) ពេលទារកលឺសំឡេងខាងក្រៅ
នៅសប្តាហ៍ទី ២៤ នៃការពពោះ ទារកនឹងចាប់ផ្តើមមានការអភិវឌ្ឍពេញលេញជាបណ្តើរៗហើយ មានន័យថាពួកគេអាចស្តាប់លឺសំឡេងខាងក្រៅយ៉ាងច្បាស់។ អ្នកជំនាញក៏បានណែនាំដែរថា ចាប់ពីសប្តាហ៍ទី ២៤ នេះតទៅ រាល់អ្វីដែលឪពុកម្តាយនិយាយគឺពួកគេចាប់ផ្តើមចាប់យកបានហើយ ពួកគេលឺ ពួកគេអាចឆ្លើយតបតាមរយៈការធាក់ត្រលប់មកវិញ។
១) ពេលស្រ្តីពពោះកំពុងងូតទឹក
ពេលងូតទឹក ជាពេលដែលរាងកាយយើងទទួលបានអារម្មណ៍ធូរស្រាល ហើយទារកខាងក្នុងផ្ទៃ ក៏មានអារម្មណ៍និងថាមពលល្អបែបហ្នឹងដូចគ្នា។ សឹងតែពេលខ្លះទៅ អ្នកលើសពីអារម្មណ៍ថាពួកគេធាក់ទៅទៀត ពោលប្រៀបដូចជាពួកគេកំពុងរាំនៅក្នុងពោះរបស់យើងអ៊ីចឹង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក