ការប្រជែងពានធំ ២ ជារៀងរាល់ឆ្នាំដែល Man Utd សម្លឹងជាអាទិភាពគឺពានក្នុងស្រុក Premier League និងពានប្រចាំតំបន់អឺរ៉ុប UEFA Champions League។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើវត្តមាន Cristiano Ronaldo ត្រលប់មកវិញសារនេះ នឹងអាចជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានបែបណា សម្រាប់ការប្រកួតខ្នាតធំទាំងពីរ?
បញ្ជាក់បន្តិច បិសាចក្រហមខកខានការលើកពាន Premier League តាំងពីឆ្នាំ ២០១៣ ហើយពាន Champions League ឆ្នាំ ២០០៨ ពោលស្ថិតក្នុងសម័យកាលដឹកនាំរបស់លោក Sir Alex Ferguson ហើយជាមួយអ្នកចាត់ការជំនាន់ក្រោយ មិនធ្លាប់បានឈ្នះពានទាំងពីរនៅឡើយ។
ក្រលេកទៅមើលការព្យាករណ៍ ចេញពីលោក Omar Choudhari មានមុខតំណែងជា CIO នៅក្រុមហ៊ុន Twenty First Group បានធ្វើការវាយតម្លៃនិងគណនានៅគ្រប់ជ្រុងជ្រោយដែល Ronaldo អាចផ្តល់ឲ្យក្រុមទាំងមូលបាន ហើយជាលទ្ធផលលើកបញ្ជាក់បែបនេះថា៖ "តាមការព្យាករណ៍របស់យើងវត្តមាននៃការមកដល់របស់ Ronaldo នៅ Man Utd គឺនឹងបង្កើនភាគរយឈ្នះពានលីគ [PL] ចំនួន ៥ ភាគរយ ពោលកើនពី ៧ ទៅ ១២ ភាគរយ ហើយនៅ Champions League នឹងកើន ៣ ភាគរយ ពោលពី ៥ ទៅ ៨ ភាគរយ"។
លោកបន្ថែមទៀតថា៖ "នេះអាចថាជាការកើនឡើងដ៏ទាបមួយ តែបើនិយាយពីអត្រាភាគរយដែលក្រុម United អាចលើកពាន ១ ក្នុងចំណោមពានទាំង ២ គឺកើនឡើងដល់ ៧ ភាគរយ ដោយលោតពី ១២ ទៅ ១៩ ភាគរយឯណោះ"។
បញ្ជាក់ថា គិតត្រឹមជុំទី ៣ នៅ PL រដូវកាលថ្មី United រកបាន ៧ ពិន្ទុឈរលេខ ៣ បណ្តោះអាសន្ន ស្មើកម្រិត West Ham/Chelsea និង Liverpool ស្របពេលដែលនៅ UCL ពួកគេស្ថិតក្នុងពូល F ត្រូវជួប Young Boys, Villarreal និង Atalanta ហើយត្រូវប្រកួតចាប់ពីពាក់កណ្តាលខែកញ្ញានេះទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក