Cristiano Ronaldo បានប្រកាសក្លាយជាកីឡាករដែលទទួលបានអាវលេខ ៧ នៅរដូវកាលថ្មីជាផ្លូវការ ពោលជាការព្រមព្រៀងផ្លាស់ប្តូរចេញពីម្ចាស់ចាស់គឺ Edinson Cavani។ នេះសម្រាប់ CR7 គឺបានពាក់វាជាលើកទី ២ នៅ Old Trafford ហើយក៏បន្តពីអតីតជើងចាស់មួយចំនួន ដូចជា George Best, Bryan Robson, Eric Cantona និង David Beckham។
ជាមួយការផ្ទេរលេខ ៧ មកឲ្យ Ronaldo សម្រាប់ខ្សែប្រយុទ្ធ Cavani គឺជ្រើសយកអាវលេខ ២១ របស់ Daniel James មកប្រើប្រាស់ជំនួសវិញ ដែលនេះជាសំណើពិសេស ក្លឹប Man Utd បញ្ជូនទៅក្របខ័ណ្ឌ Premier League ហើយចុងក្រោយសម្រេចទទួលបានការអនុម័ត។
ក្រោយទទួលបានអាវលេខ ៧ កីឡាករព័រទុយហ្គាល់ បានផ្ញើសារទៅកាន់កីឡាករអ៊ុយរុយហ្គាយយ៉ាងដូច្នោះថា៖ "ដំបូងឡើយខ្ញុំមិនច្បាស់នោះទេថា អាចប្រើប្រាស់អាវលេខ ៧ ម្តងទៀតនៅទីនេះបានឬអត់ ដូច្នេះពេលនេះខ្ញុំពិតជាអរគុណជាខ្លាំងទៅដល់ Edi [Cavani] សម្រាប់សកម្មភាពដ៏អស្ចារ្យនេះ"។
គួររំឭកថា វត្តមានរបស់ CR7 មានភាគរយខ្ពស់ នឹងបង្ហាញខ្លួននៅឯកីឡដ្ឋាន Old Trafford ទៅក្នុងការប្រកួតទល់ Newcastle United នាថ្ងៃសៅរ៍ ទី ១១ កញ្ញាខាងមុខ។ នេះក៏ជាប្រកួតដំបូង ដែលលោកត្រលប់មកវិញ ក្រោយចែកផ្លូវពីក្លឹបអស់រយៈពេល ១២ ឆ្នាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក