ការវិលត្រលប់មកវិញសារនេះ របស់ Cristiano Ronaldo ហាក់ធ្វើឲ្យពិភពបាល់ទាត់នៅអង់គ្លេសរង្គោះរង្គើជាខ្លាំង ដោយនាំឥទ្ធិពលវិជ្ជមានជាច្រើនមកកាន់ក្លឹប Man Utd មិនថាតែការលក់អាវ និងសន្ទុះនៃអ្នកគាំទ្រក្នុងកីឡដ្ឋាន។
បើតាមការបញ្ជាក់ពីក្លឹប សំបុត្រចូលទស្សនាគឺលក់ដាច់អស់ហើយ ប៉ុន្តែតាមការបង្ហោះលក់ពីគេហទំព័រមួយចំនួន ដែលពួកគេភាគច្រើនជាឈ្មួញកណ្តាល ខ្លះប្រមូលទិញសំបុត្រទស្សនានោះទុក ដើម្បីលក់មកវិញក្នុងតម្លៃកប់ពពក។
តាមរយៈគេហទំព័រលក់សំបុត្រដ៏ធំមួយរបស់អាមេរិកគឺ StubHub បានដាក់លក់សំបុត្រចូលទស្សនានៅកីឡដ្ឋាន Old Trafford នាប្រកួតប៉ះ Newcastle នៅថ្ងៃទី ១១ កញ្ញាខាងមុខ ក្នុងតម្លៃដល់ទៅ ២ ៥១៤ ផោនឬចូលជិត ៣ ៥០០ ដុល្លារ សម្រាប់កៅអីនៅជួរក្រោមអាចមើលឃើញកីឡាករច្បាស់។
គេហទំព័រផ្សេងទៀតដូចជា Live Football Tickets ក៏បានដាក់លក់ជាង ២០០ សំបុត្រដែរ តែតម្លៃទាបជាងគេហទំព័រខាងលើ ដោយចន្លោះពី ៣០០ ទៅ ១ ០០០ ដុល្លារ។
យ៉ាងណាតាមការបញ្ជាក់ពីក្លឹប Man Utd បានលើកទឹកចិត្តឲ្យអ្នកគាំទ្រ ត្រូវបញ្ចៀសរាល់ការទិញសំបុត្រទស្សនាពីប្រភពដែលមិនច្បាស់លាស់ ព្រោះសំបុត្រខ្លះក្លែងក្លាយ ឬហួសកំណត់ ដែលនាំឲ្យអ្នកគាំទ្រខាតបង់ថវិកាផ្ទាល់ខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក