គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ារុកលោក Vahid Halihodzic បានបង្ហាញការសោកស្តាយ និងអាក់អន់ចិត្តចំពោះទង្វើរបស់កីឡាករ Chelsea ដែលបានធ្វើពុតជារបួស ព្រោះមិនចង់ជាប់ឈ្មោះទៅក្នុងការកោះហៅនៃក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ World Cup វគ្គជម្រុះបឋម។
ក្រុមម៉ារុកត្រូវប៉ះហ្សូដង់ និងហ្គេណេ នៅការប្រកួតជុំទី ២ ខែកញ្ញានេះ តែក្នុងបញ្ជីឈ្មោះ គឺគ្មានវត្តមានតារាឆ្នើមនៅតំបន់ប្រយុទ្ធ Hakim Ziyech នោះទេ។ ក្រោយការស្ទាប់ស្ទង់ស្ថានភាពចុះឡើង គ្រូទើបតែដឹងថា វាជាលេសរបស់កីឡាករ ពោលមិនមែនជាបញ្ហារបួសពិតមែនឡើយ។
លោក Vahid និយាយ៖ "ជាលើកដំបូងក្នុងអាជីពរបស់ខ្ញុំហើយ ខ្ញុំមិនធ្លាប់បានឃើញទង្វើគួរឲ្យខកចិត្តបែបហ្នឹងពីមុនមកទេ ដោយកីឡាករ [Ziyec] គេបានបដិសេធមិនចូលរួមការប្រកួត ក្រោមហេតុផលថាគេរបួស តែក្រុមគ្រូពេទ្យរបស់យើងធ្វើការពិនិត្យវិនិច្ឆ័យច្រើនសារហើយ គឺបញ្ជាក់ថាមកថា Ziyech គេអាចលេងបានធម្មតា"។
លោកសង្កត់ធ្ងន់៖ "គេបានបដិសេធមិនចូលរួមកម្តៅសាច់ដុំ ដោយគេអន់ចិត្តរឿងត្រូវអង្គុយបម្រុងកន្លងមក ហើយសម្រាប់ខ្ញុំទង្វើបែបនេះគឺមិនអាចទទួលយកបានឡើយ ដោយអ្នកឯងមិនអាចមកពុតល្បិចជាមួយក្រុមជម្រើសជាតិនោះទេ អ្នកត្រូវតែច្បាស់ ១០០ ភាគរយថាអាចលេងបាន ឬមិនលេងតែម្តង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក