នៅការប្រកួតរវាងក្រុមជម្រើសជាតិអៀរឡង់និងព័រទុយហ្គាល់ សម្រាប់តារាឆ្នើម Cristiano Ronaldo គេរកបាន ២ គ្រាប់ម្នាក់ឯង តាមថាត្រូវធ្វើបាន Hat-Trick តែស្តាយខកខានការស៊ុតបាល់ប៉េណាល់ទីនៅតង់ទី ១ ក្រោយអ្នកចាំទីរបស់អៀរឡង់ Gavin Bazunu អាចសង្រ្គោះដោយជោគជ័យ។
និយាយក្រោយចប់ការប្រកួត វគ្គជម្រុះបឋម World Cup ទល់ព័រទុយហ្គាល់ កីឡាករវ័យ ១៩ ឆ្នាំរបស់អៀរឡង់និយាយថា ការសង្រ្គោះនោះ មិនមែនជាការលោតទៅចៃដន្យនោះទេ តែជាបច្ចេកទេសពិតៗដែលខ្លួនអនុវត្តតាមអ្វីដែលបានឃើញក្នុងវីដេអូចាស់ៗ គឺ Ronaldo ឧស្សាហ៍ស៊ុតទៅជ្រុងខាងឆ្វេងកន្លងមក។
Bazunu និយាយ៖ "វាជាកំហុសរបស់ខ្ញុំ ដែលកើតមានបាល់ប៉េណាល់ទី តែខ្ញុំនៅតែព្យាយាម ហើយរក្សាចិត្តជានិច្ច ដោយខ្ញុំពុំបានគិតនោះទេ ថាអ្នកស៊ុតនៅពីមុខខ្ញុំជា Ronaldo ដោយខ្ញុំត្រឹមផ្តោតលើវីដេអូចាស់ៗ ដែលខ្ញុំធ្លាប់បានទស្សនាពីការស៊ុតរបស់គាត់ ហើយខ្ញុំក៏សម្រេចលោតទៅតាមនោះ ដូចដែលខ្ញុំបង្ហាញចេញមកក្នុងការប្រកួត"។
គួរបញ្ជាក់ថា ពីរគ្រាប់កាលប៉ះអៀរឡង់របស់ CR7 គឺជាគ្រាប់បាល់ទី ១១១ នៅការប្រកួតទី ១៨០ ឲ្យជម្រើសជាតិព័រទុយហ្គាល់។ ចំនួនគ្រាប់បាល់លោកបាននាំមុខ Ali Daei បានសម្រេចហើយ តែចំនួនបង្ហាញខ្លួនគឺទើបស្មើកំណត់ត្រា Sergio Ramos ហើយត្រូវការ ១៥ ប្រកួតទៀត ដើម្បីក្លាយជាកីឡាករបង្ហាញវត្តមានឲ្យជម្រើសជាតិច្រើនដាច់គេក្នុងលោក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក