នៅការបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់ ទល់អៀរឡង់កាលពីយប់មិញ វាគឺជាប្រកួតទី ១៨០ ហើយសម្រាប់ Cristiano Ronaldo ដែលតួលេខនេះ បានរុញឲ្យគេឈរស្មើនឹងកីឡាករ Sergio Ramos របស់ក្រុមជម្រើសជាតិអេស្ប៉ាញ នាមកីឡាករដែលបង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនដាច់គេ។
បើរាប់តែនៅតំបន់អឺរ៉ុប គឺ Ronaldo&Ramos ច្រើនជាងគេ ហើយសម្រាប់ CR7 ត្រៀមនឹងបំបែកទៀតផងនៅប្រកួតបន្ទាប់ពេលប៉ះកាតា ឬអាហ្សេបៃហ្សង់ ខណៈ Ramos មិនមានឱកាស ព្រោះមិនត្រូវបានអ្នកចាត់ការលោក Luis Enrique កោះហៅឲ្យទៅជួយក្រុមគោជល់ឡើយ។
យ៉ាងណាបើធៀបជារួម គឺអ្នកទាំងពីរនៅចាញ់កីឡាករចូលនិវត្ត Ahmed Hassan ដែលមាន ១៨៤ លើក សម្រាប់ជម្រើសជាតិអេហ្សីប និង Soh Chin Ann ដែលមាន ១៩៥ លើក ជម្រើសជាតិម៉ាឡេស៊ី តែពួកគេបានចូលនិវត្តអស់ហើយ។
សម្រាប់ Ronaldo អាចថានឹងមានឱកាសច្រើនជាង ហើយអាចយ៉ាងយូរត្រឹម ២ ឆ្នាំទៀតបើលោកអាចលេងជាប់លាប់ឲ្យជម្រើសជាតិ នោះ ១៥ ប្រកួតប្រាកដជាអាចធ្វើបាន។ ផ្ទុយទៅវិញ Ramos បើបន្ត មាន Enrique ជាអ្នកចាត់ការនៅជម្រើសជាតិ នោះប្រហែលជាពិបាក ព្រោះដូចជាឡាក់ឆុងនឹងកីឡាករជាប់សែស្រឡាយ Real ដែលគ្រូរូបនេះមិនត្រូវចិត្តទាល់តែសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក