តារាឆ្នើម Cristiano Ronaldo ប៊ិះតែនឹងរកបានគ្រាប់បាល់ Hat-Trick កាលពីយប់មិញ ផ្ទុយទៅវិញធ្វើបានត្រឹម ២ គ្រាប់នៅចុងម៉ោង ហើយក៏ជាគ្រាប់បាល់បំបែកកំណត់ត្រារបស់អតីតវីរបុរស Ali Daei ដែលមាន ១០៩ គ្រាប់។
បុរសវ័យ ៣៦ ឆ្នាំ ដែលកំពុងមានគ្រាប់បាល់ទី ១១១ ក្នុងដៃ បាននិយាយរៀបរាប់ក្រោយចប់ការប្រកួតថា កំណត់ត្រាសារនេះ ដើមឡើយលោកមិនរំពឹងថាអាចធ្វើបាននោះទេ ហើយការរកគ្រាប់បាល់ វានឹងនៅតែមានបន្តទៀតនាពេលខាងមុខ។
កីឡាករសញ្ជាតិព័រទុយហ្គាល់និយាយថា៖ "វាជាកំណត់ត្រាដ៏ពិសេសមួយសម្រាប់ខ្ញុំ និងជាមោទនភាពដ៏ធំបំផុតមួយ ហើយកាលពីនៅក្មេងខ្ញុំទទួលបានឥទ្ធិពលពីការមើល idol របស់ខ្ញុំលេង និងទង់ជាតិដែលតែងតែរំលេចនៅព្រឹត្តិការណ៍ Euro និង World Cup"។
លោកបន្ថែមទៀតថា៖ "កាន់តែសាទរបំផុតនោះ គឺកំណត់ត្រានេះ Ali Daei បានរក្សានៅកម្រិតស្តង់ដារមួយ ហើយពេលខ្ញុំគិតដំបូងគឺ គិតថាប្រហែលមិនអាចតាមទាន់គាត់នោះទេ អរគុណព័រទុយហ្គាល់ អរគុណមិត្តរួមក្រុមនិងគូប្រជែងទាំងអស់ ដែលធ្វើឲ្យដំណើរផ្សងព្រេងមួយនេះមិនអាចបំភ្លេចបាន ខ្ញុំមិនទាន់បញ្ឈប់ការរាប់គ្រាប់បាល់ត្រឹមប៉ុណ្ណឹងទេ"។ បញ្ជាក់ថា នៅជម្រើសជាតិបិទទំព័រខែកញ្ញានេះ ព័រទុយហ្គាល់នៅសល់ប្រកួត ២ ផ្សេងទៀតមានប៉ះកាតា និងអាហ្សេបៃហ្សង់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក