ក្លឹប Arsenal នៅថ្ងៃចុងក្រោយទីផ្សារដោះដូររដូវក្តៅ ពួកគេក៏សម្រេចបានការនាំយកកីឡាករមួយរូបបន្ថែមទៀតផងដែរ នោះគឺនៅតំបន់ការពារក្រោម កីឡាករ Takehiro Tomiyasu មកពីក្លឹប Bologna។ កាំភ្លើងធំបានចាយលុយ ១៨,៦ លានអឺរ៉ូ នាំយកយុវជនវ័យ ២២ ឆ្នាំ មកចុះកុងត្រាដល់ឆ្នាំ ២០២៥។
Tomiyasu បានផ្ទុះការចាប់អារម្មណ៍កំឡុងពេលលេងឲ្យក្លឹបនៅឯប្រទេសបែលហ្សិក Sint-Truiden មុនត្រូវបានក្លឹប Bologna ចាយលុយ ៧ លានអឺរ៉ូទិញយកនៅឆ្នាំ ២០១៩។ បង្ហាញខ្លួនសរុប ៦៤ ប្រកួត គេរកបាន ៣ គ្រាប់និង Assist ៣ លើក រាប់បានជាចំណែកសំខាន់មួយសម្រាប់ក្លឹបនៅលីគអ៊ីតាលី ហើយឥឡូវលក់ចេញលើតម្លៃចំណេញលើស ១ ទ្វេជា ២។
តាមការបញ្ជាក់របស់នាយកផ្នែកកីឡាលោក Edu របស់ Arsenal និយាយ៖ "យើងពិតជារីករាយនឹងការចុះហត្ថលេខាយក Takehiro ដោយយើងបានឃ្លាំមើលគេយូរមកហើយ គេនឹងក្លាយជាចំណែកសំខាន់មួយរបស់ក្លឹប"។
ដោយឡែកបើតាមការបញ្ជាក់ពីអ្នកចាត់ការ Mikel Arteta និយាយ៖ "Takehiro ជាខ្សែការពារដ៏រឹងមាំ និងមានបទពិសោធន៍ល្អមួយនៅ Serie A ក៏ដូចជាកម្រិតអន្តរជាតិ គេនឹងត្រលប់មកចូលរួមជាមួយពួកយើងក្រោយចប់ភារកិច្ចនៅជម្រើសជាតិពេលខាងមុខនេះ"៕
ប្រភព៖ AF